ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការចុះបង្រ្កាបសង្វៀនជល់សត្វមាន់ភ្នាល់លុយដ៍ធំមួយកន្លែង ឃាត់ខ្លួនជនប្រព្រឹត្តចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារៈមួយចំនួន ដើម្បីនាំយកទៅបន្តនីតិវិធី ។ ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំគួរសម ប្រើប្រាស់កម្លាំងរហូតដល់ទៅជាងម្ភៃនាក់ខាងលើ ធ្វើឡើងនៅម៉ោង១១ និង០០នាទីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចអាងទឹកមួយកន្លែង ស្ថិតក្នុងភូមិកំពង់ឡត៍ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ កិច្ចប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ភ្នាល់លុយខាងលើ កម្លាំងឃាត់ខ្លួនមុខសញ្ញាញៀនល្បែងនេះចំនួន ៤នាក់ ទី១ -ឈ្មោះ លាស់ ឯល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ទី២-ឈ្មោះ ឯល យ៉ាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ទី៣ ឈ្មោះ ទេព ធុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រស់នៅភូមិស្ទឹង ឃុំ.ស្រុកកណ្ដៀង និងទី៤-ឈ្មោះ សុខ ជា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។ របាយការណ៍នគរបាលខាងលើបន្តថា ក្រៅពីមុខសញ្ញាញៀនល្បែងទាំងចំនួន៤នាក់ខាងលើ កម្លាំងចាប់.ដកហូត.ដើម្បីបន្តនីតិវិធី និងដុតកម្ទេចវត្ថុតាង សត្វមាន់គកចំនួន៤ក្បាល ម៉ូតូម៉ាកគុប ចំនួន១គ្រឿង ម៉ាកសង់កូរ៉េ ចំនួន២គ្រឿង ម៉ាកវ៉េវអាល់ហ្វា ចំនួន៥គ្រឿង និងម៉ាកហុងដាឌ្រីម ចំនួន៦គ្រឿង សរុបចំនួន(១៤គ្រឿង) ស្បែកជើងចំនួន១៦គូរ តង់ពណ៏ខៀវចំនួន៣ ឆ្នាំងដាំទឹកចំនួន១ ប៊ីដុងដាក់ទឹកចំនួន២ កំសៀវទឹកចំនួន១ ធុងទឹកកកចំនួន១ ទូរសព្ទដៃចំនួន៥គ្រឿង ។ របាយការណ៍ដដែលបន្តទៀតថា ឧបករណ៍រួមផ្សំ និងសម្ភារៈសង្វៀនជល់មាន់ភ្នាល់លុយដុតបំផ្លាញ ចំពោះជនប្រព្រិត្តល្បែងសុីសង និងសម្ភារៈមួយចំនួននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ បុឹម ពិន