ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបង្ហាញនូវផលិតផលអាល់កុល ឬ ជេល ដែលសុទ្ធល្អ

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនគួរ ប្រយ័ត្នប្រយ៉ែង ក្នុងការទិញ ក្រែងប៉ះ ចំអាល់កុល ឬ ជេល ក្លែងក្លាយ នាំអោយប៉ះពាល់ដល់សុខភាព និង ខាតបង់ថវិកា ។ ក្នុងនោះ ជៀសវាងបងប្អូនយល់ច្រឡំ ឬចាញ់ល្បិចឈ្មួញឆក់ឱកាស ទុច្ចរិត បន្លំលក់ គឺ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបង្ហាញនូវផលិតផលអាល់កុល ឬ ជេល ដែលសុទ្ធល្អ និង មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
សូមជម្រាបថា៖ ខណៈប្រជាពលរដ្ឋកាន់តែច្រើន មានតម្រូវការ ចាំបាច់ចំពោះអាល់កុល ឬ ជេល យកមកប្រើប្រាស់ ដើម្បីសម្លាប់មេរោគផ្សេងៗ ជាពិសេសដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នោះ ក្រុមឈ្មួញទុច្ចរិតមួយចំនួន បានចាប់ផ្តើមលក់នូវអាល់កុល ឬ ជេល ក្លែងក្លាយ ដែលនាំអោយអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាព និង ខាតបង់ថវិកា ដោយពួកគេមិនបានគិតដល់អាយុជីវិតមនុស្សជាតិ ចង់មានបានក្នុងចិត្តជានរក ។
ជុំវិញបញ្ហាទាំងអស់នេះហើយ ទើបខាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ បានបង្ហាញនូវផលិតផលអាល់កុល ឬ ជេល ដែលសុទ្ធល្អ និង មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បង្ហាញថា “សូមបងប្អូនទិញផលិតផលដែលមានអក្សរនិងលេខសំគាល់ដូចមានក្នុងរង្វង់ក្រហមដូចខាងក្រោមនេះ ព្រោះការទិញអាល់កុលឬជេលមិនសុទ្ធ អាចប៉ះពាល់ដល់សុខភាព មិនមានប្រសិទ្ធភាព និង បាត់បង់ធនធានរបស់បងប្អូន” ។
សូមបញ្ជាក់ផងដែរថា៖ កម្ពុជារកពុំឃើញមានអ្នកឆ្លង មានតែអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ កើនឡើងដល់ ១០៧នាក់ហើយ
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែក្រសួងសុខាភិបាលបាន រំលឹកថា៖ ជំងឺកូវីដ១៩ រាតត្បាតបំផុត អោយប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ បើពិភពលោក រកវ៉ាក់សាំង មិនទាន់ឃើញ អ្នកឆ្លងនៅតែមាន ៕ដោយ៖សិលា


ចែករំលែក៖