ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសបដិសេធ ព័ត៌មានមិនពិតនៃវីដេអូ Facebook ឈ្មោះ Guthleber Sophea ពីឱសថសម្រាប់ព្យាបាល ឬបង្ការ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសបដិសេធព័ត៌មានមិនពិតនៃវីដេអូដែលបានបង្ហោះដោយគណនីហ្វេសប៊ុកមានឈ្មោះ Guthleber Sophea
ពាក់ព័ន្ធនិងការប្រើប្រាស់ឱសថសម្រាប់ព្យាបាល ឬបង្កាជំងឺកូវីដ-១៩ ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមFacebook កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ០២នាទីល្ងាច មានគណនីឈ្មោះ Guthleber Sophea បានបង្ហោះវីឌីអូ បានបង្ហាញពី ឱសថសម្រាប់ព្យាបាល ឬបង្ការជំងឺកូវីដ ១៩ ដូចជា Amoxicillin & Clavulanic Acid 1g/125 mg (Enoxaparin Sodium Injection) ។ ក្រសួងសុខាភិបាលសូមធ្វើការបដិសេធ ទាំងស្រុងនូវព័ត៌មានមិនពិតដែលបានបង្ហោះដោយវីឌីអូនៃគណនីខាងលើ ដែលបាននិយាយពីឱសថទាំងនេះថាអាចការពារ ឬព្យាបាលជំងឺកូវីដ -១៩ ដោយគ្មានការទទួលស្គាល់ពីអាជ្ញាធរសុខាភិបាលនៃប្រទេសណាមួយ និង អង្គការសុខភាពពិភពលោកឡើយ។
ក្រសួងសុខាភិបាលសូមជំរាបជូនដល់សាធារណៈជន និងអ្នកប្រកបវិជ្ជាជីវ:សុខាភិបាលទាំងអស់ជ្រាបថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែរ បានរៀបចំនូវពិធីសារសម្រាប់ព្យាបាលជំងឺកូវីដ -១៩ ដោយពុំមានឱសថដូចដែលបានផ្សព្វផ្សាយក្នុងវីឌីអូនេះឡើយ។ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿតាមព័ត៌មានមិនពិតនេះឡើយ ព្រោះប្រភេទឱសភាទាំងអស់នេះមានគុណភាពព្យាបាលខុសៗគ្នា ហើយមានផលរំខានផ្សេងៗគ្នាដែរ នៅពេលប្រើប្រាស់មិនបានត្រឹមត្រូវវាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតផង៕

ដោយ៖សុខខេមរា


ចែករំលែក៖