ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ បានបញ្ជាក់ឲ្យឃើញច្បាស់ពីសមត្ថភាពគ្រូពេទ្យកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រុមគ្រូពេទ្យជួរមុខកម្ពុជា បាន ធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យជាសះស្បើយជាបន្តបន្ទាប់។
បើប្រៀបធៀបទៅនិងបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានាលើសកលលោក គឺ កម្ពុជាយើងស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដ៏តិចតួចបំផុតពីមេរោគកូវីដ-១៩ ហើយមានអាត្រាជាសះស្បើយខ្ពស់។
មកដល់បច្ចុប្បន្ននេះកម្ពុជាយើងនៅមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារវីរុសកូវីដ-១៩នៅឡើយទេ ។
លទ្ធផលដែលទទួលបាននេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនក្នុងការដាក់ចេញបទបញ្ជា វិធានការចាំបាច់នានា និងដោយមានការចូលរួមយ៉ាងសកម្មបំផុតពីក្រសួងសុខាភិបាល និងការអនុវត្តផ្ទាល់ពី សំណាក់ក្រុមគ្រូពេទ្យជួរមុខ ទាំងគ្រូពេទ្យសុីវីល គ្រូពេទ្យកងទ័ព ប៉ូលីស និងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួមយ៉ាងសកម្មផុលផុសពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនខ្មែរគ្រប់មជ្ឈដ្ឋាន។
ជាការពិតអាត្រាការព្យាបាលឲ្យជាសះស្បើយអ្នកជំងឺកូវីដ-១៩នៅកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជួរមុខបានឡើយ។
ទោះបីកម្ពុជាជាប្រទេសតូចក៏ពិតមែន តែកម្ពុជាបានទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រប់ជាតិសាសន៍ ដោយមិនយកកម្រៃសេវាព្យាបាលឡើយ ហើយអ្នកជំងឺភាគច្រើនជាជនបរទេសនោះ ត្រូវបានក្រុមគ្រូពេទ្យជួរមុខពិនិត្យព្យាបាលឲ្យជាសះស្បើយជាបន្តបន្ទាប់ ។
ទន្ទឹមនឹងនេះកម្ពុជាត្រូវបានតំណាងរដ្ឋាភិបាលបណ្តាប្រទេសនិមួយៗសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសធម៌បំផុតរបស់កម្ពុជា ដែលបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលពលរដ្ឋប្រទេសរបស់ខ្លួនឲ្យជាសៈស្បើយដោយមិនមានការរើសអើងពូជសាសន៍ និងពណ៌សម្បុរអ្វីឡើយ។
ក្រសួងសុខាភិបាលជានិច្ចកាលតែងតែបានចេញលិខិតជូនព័ត៌មានជារៀងរាល់ថ្ងៃហើយថា បើទោះបីកម្ពុជាយើងមិនទាន់មានឆ្លងរាលដាលវិរុសកូវីដ១៩ ដល់សហគមន៍ ឬ អាត្រាការព្យាបាលជាសៈស្បើយមានជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលនៅតែទទូចសុំឲ្យប្រជាពលរដ្ឋខ្មែរយើង ត្រូវមានការប្រុងប្រយ័ត្នឲបានខ្ពស់បំផុតកុំមានការធ្វេសប្រហែសឲ្យសោះ ត្រូវធ្វើអានាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវខិតខំអនុវត្តគ្រប់បែបយ៉ាងទាំងអស់តាមបទបញ្ជានិងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសសុទ្ធតែបានសម្តែងការកោតសរសើរប្រកបដោយមោទកភាពចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានបូជាកម្លាំងកាយចិត្ត លះបង់ពេលវេលា ចាកចោលក្រុមគ្រួសារ សាច់ញាត្តិ បងប្អូនមកចូលរួមបំពេញបេសកកម្មមិនអាចកាត់ថ្លៃបានក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សគ្រប់ជាតិសាសន៍ មិនថាខ្មែរ និង បរទេសឲជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
ជាពិតណាស់ការលះបង់របស់ក្រុមគ្រូពេទ្យជួរមុខក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ គឺត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុតតាមរយ:ការបង្កើនការឧបត្ថមថវិកាជាបន្តបន្ទាប់ ព្រោះសម្តេចតេជោ បានឈ្វេងយល់ថា គ្រូពេទ្យជួរមុខលោកគឺបានលះបង់ធំធេងណាស់ក្នុងការបំពេញបេសកកម្មជារៀងរាល់ថ្ងៃគ្មានពេលសម្រាកឡេីយ៕ដោយ៖(ទទក)


ចែករំលែក៖