កណ្ដាល៖ បុរសចំណាស់ម្នាក់ ឡើងតខ្សែភ្លើងលើបង្គោលភ្លើង ចុះមកវិញភ្លេចយកក្រម៉ាចុះ បានឡើងបង្គោលភ្លើងម្ដងទៀតដើម្បីយកក្រម៉ា ក៏ត្រូវខ្សែភ្លើងឆក់ស្លាប់បាត់បង់ជីវិតតែម្ដង ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលភ្លើងលេខ០៨៨ជាប់ផ្លូវកៅស៊ូមាត់ទន្លេ ស្ថិតក្នុងភូមិព្រែកយាយហ៉ិនទី២ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ភួង ភេទប្រុស អាយុ៧៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកយីហ៉ិនទី២ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអូសខ្សែភ្លើងចេញផ្ទះទៅបង្គោលភ្លើងដើម្បីប្តូរខ្សែភ្លើងចាស់ចោល ខណៈដែលជនរងគ្រោះបានឡើងលើបង្គោលដោយស្លៀកក្រម៉ាជាប់នឹងខ្លួន បន្ទាប់មកយកក្រម៉ាដាក់នៅលើបង្គោលភ្លើង ហើយចុះមកវិញភ្លេចយកក្រម៉ាចុះ ក៏ឡើងបង្គោលភ្លើងម្ដងទៀតដើម្បីយកក្រម៉ា តែបែជាត្រូវខ្សែភ្លើងឆក់បណ្ដាលឲ្យធ្លាក់ពីលើបង្គោលចុះមកក្រោមស្លាប់ភ្លាមៗតែម្ដង ។ ភ្លាមៗនោះបានផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងជួយធ្វើចលនា និងហៅគ្រូពេទ្យជួយសង្គ្រោះ តែទោះជាយ៉ាងណាក៏ជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយពីមានហេតុការណ៏កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងស្រុកបានចុះមកពិនិត្យកន្លែងកើតហេតុ រួចពិនិត្យសាកសពដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីស្លាប់ប្រាកដមែន ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ស្អាង ជ័យ