ភ្នំពេញ៖ ពិតជាកោតសរសើរចំពោះទឹកចិត្តតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហាញពីភាពជាគំរូក្នុងនាមជាម្ចាស់ផ្ទះជួលក្នុងរដូវកាលជំងឺកូវីដ១៩ ដោយអ្នកនាងបានផ្តល់ការបញ្ចុះតម្លៃ៥០ភាគរយនៃថ្លៃបន្ទប់ជួលទាំងអស់។
អ្នកនាង ខាត់ សុឃីម បានប្រកាសថានាងនឹងបញ្ចុះតម្លៃ៥០ភាគរយនៃបន្ទប់ផ្ទះជួលរបស់នាងនៅតាមផ្លូវវ៉េងស្រេងរហូតដល់ពេលជំងឺកូវីដ-១៩ ត្រូវបានស្ងប់ស្ងាត់ជាស្ថាពរ។ មិនតែប៉ុណ្ណោះនាងក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀលរយៈពេល៦ខែ ដើម្បីចូលរួមទប់ស្កាត់ និងព្យាបាលជំងឺរាតត្បាតកូវីដ១៩។ អ្នកនាង ខាត់ សុឃីម នាពេលនេះកំពុងត្រូវបានការលើកសរសើរ និងគាំទ្រខ្លាំងពីសំណាក់មហាជន និងឆ្លុះបញ្ចាំងពីភាពជាគំរូសម្រាប់ម្ចាស់ផ្ទះដទៃ។ នាងបញ្ជាក់ថា នាងពិតជាស្ម័គ្រចិត្តបញ្ចុះតម្លៃ៥០ភាគរយនៃបន្ទប់ជួលនៅភ្នំពេញចំនួន៣៦ជូនដល់បងប្អូនកម្មករ-កម្មការិនី។អ្នកនាងបានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជីវភាពប្រជាជនក្នុងគ្រាលំបាកនិងក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះជាកិច្ចបំពេញកាតព្វកិច្ចការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា។ តារាស្រីរូបនេះសង្ឃឹមថាការចូលរួមបន្តិចបន្តួចនេះ នឹងបានចូលរួមសម្រាលបន្ទុកដល់បងប្អូន ក៏ដូចគោរព និងតាមការអំពាវនាវរបស់រដ្ឋាភិបាល៕