ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ អគ្គិសនីកម្ពុជា បានទទួលអំណោយម៉ាស់ចំនួន១០ម៉ឺន, ម៉ាស់ N95 ចំនួន២ពាន់, ឧបករណ៍វាស់កម្ដៅចំនួន១០០, វ៉ែនតាការពារជាង១ពាន់ និងស្រោមដៃចំនួន១ពាន់, ម៉ាស៊ីនវាស់កម្តៅចំនួន២គ្រឿង ពីក្រុមហ៊ុនចិន China Huadian Corporation (CHDPC) ដើម្បីយកទៅប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដែល
ពិធីពិធីនេះរៀបចំធ្វើឡើងនៅអគ្គិសនីកម្ពុជា ។
ពិធីនេះមានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន China Huadian Corporation ។
ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានឲ្យដឹងថា អំណោយដែលអគ្គិសនីកម្ពុជា ទទួលបានពីក្រុមហ៊ុនចិននៅថ្ងៃនេះ អគ្គិសនីកម្ពុជា នឹងយកជំនួយទាំងនេះជួយដល់មណ្ឌលសុខភាព តាមតំបន់ក្រីក្រមួយចំនួនថែមទៀត ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានសន្យាថា ដរាបណាប្រទេសកម្ពុជានៅជួបបញ្ហាកូវីដ-១៩ រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្ដជួយកម្ពុជា រហូតដល់តែជាពីជំងឺកូវីដ-១៩អស់ គ្មានបញ្ហាជំងឺនេះតទៅទៀត ដែលនេះសម្ដែងឲ្យឃើញពីទឹកចិត្ត នៃការស្រលាញ់រាប់អានគ្នាក្នុងពេលគ្រាអាសន្ន។
លោកបានបន្ដថា ទំនាក់ទំនងល្អនេះចេញមកពីស្នាដៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយនឹងថ្នាក់ដឹកនាំចិន ក៏ដូចជាប្រជាជនរបស់ប្រទេសទាំង២ ដែលដឹងសុខដឹងទុក្ខជាមួយគ្នាក្នុងគ្រាក្រ គ្រប់ពេលវេលា ដែលជាទំនាក់ទំនងជាប្រវត្ដិសាស្ដ្រ ជាយូរលង់ណាស់មកហើយ។
លើសពីនោះទៀត លោកឯកអគ្គរដ្ឋទូតចិនក៏បានប្ដេជ្ញាបន្ដជួយដល់កម្ពុជា ក្នុងបញ្ហាប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក៏បន្ដជួយគាំទ្រ ដល់ការអភិវឌ្ឍន៍កម្ពុជា គ្រប់វិស័យជាបន្ដទៀតផងដែរ៕ដោយ៖ ប្រាថ្នា