ភ្នំពេញ ៖ ដោយសារតែមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ជនត្រូវចោទឈ្មោះ អឹម រតនៈ (រហ័សនាម អាកណ្តុរ) ដែលរត់ចេញពីតុលាការ កាលពី៩ខែមុន ឥឡូវត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ និងប៉ុស្តិ៍ស្ទឹងមានជ័យ១ សហការគ្នា ឃាត់បានវិញហើយ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នៅចំណុចខាងក្រោយ ផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀត ដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនឈាន ដល់ការឃាត់ខ្លួន ក្រុមខាងលើ គឺសមត្ថកិច្ច កំពុងតែល្បាត លុះមកដល់ក្រោយ ផ្សារសឡា ក៏ប្រទះឃើញ ជនត្រូវចោទ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសង់ ស៊េរីចាស់ ឌុបគ្នាតាមផ្លូវ ទេីបកម្លាំងឃាត់ សួរនាំ រកឃើញ ដែកចុងស្រួលចំនួន១ សោរទីបលេខ៨ ចំនួនមួយ និងដែកសរសៃចំនួន១ ទេីបចាប់វាយខ្នោះ នាំមកស្នាក់ការប៉ុស្តិ៍ រួចបញ្ជូន ទៅអធិការដ្ឋានតែម្ដង ។
ជនសង្ស័យទាំង២នាក់នោះរួមមាន ៖ ទី១ ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣២ឆ្នាំ ជាអតីតមន្ត្រី នគរបាល រដ្ឋបាលប៉ុស្តិ៍ បឹងទំពន់ និងទី២ឈ្មោះ លី តុងហួរ ភេទប្រុស អាយុ២៧ឆ្នាំ ។
សូមរំលឹកថា អឹម រតនៈ ហៅ អាកណ្ដុរ បានឆ្កឹះសោរខ្នោះដៃ លួចរត់ចេញពី សាលាដំបូង រាជធានីភ្នំពេញ កាលពី៩ខែមុន ( វេលាម៉ោង៤និង៥០នាទី ល្ងាច ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៩ ) ខណៈសមត្ថកិច្ចបញ្ជូន សំណុំរឿង ជននេះពីបទ លួចកាច់កម៉ូតូ ។ ជននោះនិយាយថា គេបានប្រើឈើចាក់ធ្មេញ ដោះខ្នោះដៃ រួចលួចរត់ចេញបានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចកំពុងធ្វើការសាកសួរនិងឃាត់ខ្លួនជាបណ្តោះអសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ