ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង រយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈជម្ងឺវីរុសកូវីដ-១៩បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនិងនៅក្នុងប្រទេសកម្ពុជារបស់យើងនោះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹង នាព្រឹកថ្ងៃទី២១ មេសា ២០២០នេះថា ក្នុងន័យគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានណែនាំអោយមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាលបានចុះបាញ់ថ្នាំ សម្លាប់មេរោគតាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបី រាល់ថ្ងៃនេះ គណៈកម្មការផ្សារនិមួយៗបាននឹងកំពុងអនុវត្តការងារទៅតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជម្ងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញ ចូល ផ្សារក៏មានកម្លាំងសន្តិសុខផ្សាររងចាំបាញ់កំដៅនិងបាញ់អាកុលលាងដៃផងដែរជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។
អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសានេះដែរថានៅក្នុងខែមេសានេះមាន ភ្ញៀវទេសចរចូលមកទស្សនានៅក្នុងផ្សារធំថ្មី ចំនួន៥៨០៦នាក់ ក្នុងនោះភ្ញៀវដែលបានចូលទស្សនាច្រើនជាងគេមានភ្ញៀវជនជាតិវៀតណាម ជនជាតិចិន អឺរ៉ុប ម៉ាឡេស៊ី ជប៉ុនឥណ្ឌា ភ្ញៀវថៃនិងអាហ្វ្រិក។ ក្នុងខែមេសាឆ្នាំ២០២០នេះ ដែរ យើងក៏បានចុះផ្សព្វផ្សាយស្ដីពីការបង្ការនិងទប់ស្កាត់ មេរោគកូវីដ-១៩និងបានណែនាំ ប្រជា ពលរដ្ឋ អាជីវករកុំឲ្យដំឡើងថ្លៃម៉ាស់ អាកុលនឹងជេល និងបានប្រើប្រាស់អាកុលអស់ចំនួន ៣៦០លីត្រ ម៉ាស់ចំនួន១៩៦០ ម៉ាស់ និងបានបាញ់ថ្នាំសម្លាប់មេរោគតាមបន្ទប់ជុំវិញផ្សារផងដែរ ៕ ដោយ៖សំរិត