ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០២នាក់លួចដាំកញ្ឆានិងកញ្ឆុងខុសច្បាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនរីឯកញ្ឆា១០០ដើមត្រូវដកហូត

ចែករំលែក៖

កណ្តាល៖ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ធ្វើការចាប់ខ្លួន ករណីដាំកញ្ឆានិងកញ្ឆុងខុសច្បាប់ និងរឹបអូសដើមកញ្ឆាស្រស់ចំនួន១១៥ដើម ។ ប្រតិបត្តិការបង្រ្កាបការលួចលាក់ដាំដំណាំកញ្ឆានេះ ធ្វើឡើងនៅក្នុងចម្ការត្រាវមួយកន្លែង ត្រង់ចំណុចចុងព្រែកយូហ៊ឹង ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២០។
លោកវរសេនីយ៍ត្រី ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ហេង ហុកសេង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ កសិករ (លួចលាក់ដាំដើមកញ្ឆានិងកញ្ឆុងចំនួន១៧ដើម) និងទី២-ឈ្មោះ ឌឿ ឡេង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ (លួចលាក់ដាំដើមកញ្ឆានិងកញ្ឆុងចំនួន៩៨ដើម) ។ជនសង្ស័យទាំង២នាក់នេះមានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ។
លោកនាយប៉ុស្តិ៍បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ថានៅត្រង់ចំណុចចុងព្រែកយូហ៊ឹងមានគេលួចលាក់ដាំដំណាំកញ្ឆានៅក្នុងចម្ការត្រាវរួចមក លោកបានរាយការណ៍ជូនលោកអធិការនគរបាលស្រុកស្នើសុំកម្លាំងសហការ ដើម្បីចុះធ្វើការបង្រ្កាជាក់ស្តែង រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាម្ចាស់កញ្ឆា និងធ្វើការដកហូតវត្ថុតាងដើមកញ្ឆាស្រស់ចំនួនសរុប១១៥ដើមធំៗ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖ស្អាង ជ័យ


ចែករំលែក៖