ព័ត៌មានទាន់ហេតុការណ៍៖

ជនសតិមិនគ្រប់កាប់បុរសម្នាក់កំពុងជិះម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រៃវែង៖ជនមានសតិមិនគ្រប់បានយកកាំបិតកាប់បុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យរយះមួកការពារសុវត្ថិភាពនិងមុតក្បាល ដៃនិងដងខ្លួនរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២១ខែមេសា ឆ្នាំ២០២០នៅភូមិ ព្រំខ្សាច់ឃុំ ល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ជនមានសតិមិនគ្រប់រូបនេះឈ្មោះ ឈួន សារ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ជាមនុស្សមានសតិមិនគ្រប់យូរមកហើយ។

ចំណែកជនរងគ្រោះឈ្មោះ ស៊ិន សាភ័ណ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយជនដៃដល់។

សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូសំដៅទៅផ្ទះរបស់ខ្លួនដោយធ្វើដំណើរតាមផ្លូវឆ្លងកាត់មុខផ្ទះរបស់ជនសង្ស័យ។គ្រាន់តែជិះមកដល់មុខផ្ទះជនសង្ស័យភ្លាមស្រាប់តែបុរសមានសតិមិនគ្រប់រូបនេះទាញកាំបិតកាចែតកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតដោយត្រូវក្បាលរយះមួកសុវត្ថិភាពដល់សាច់ក្បាល រយះដៃស្តាំ ផ្ទៃមុខ និងខ្នង រងរបួសធ្ងន់តែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុជនដៃដល់រូបនេះត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។

ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅរុំរបួសនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចភ្លាមៗផងដែរ៕ ប្រាថ្នា


ចែករំលែក៖