ភ្នំពេញ៖លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ មនុស្សប្រុសស្រី៤នាក់ ពីបទ “ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ តាមមាត្រា៤០និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ក្រោយមក ជនត្រូវចោទទាំង៤នាក់ និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ នៅដំណាក់កាលនេះ លោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចចេញដីកាដាក់ជនត្រូវចោទអោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពោលគឺ សម្រេចមិនឃុំខ្លួន រួចដោះលែងអោយមានសេរីភាពឡើងវិញ ។
ប្រភពព័ត៌មាន បន្តថា ជនត្រូវចោទទាំង៤នាក់ រួមមាន ៖
ទី១ ឈ្មោះ សំ ស្រីនី ភេទស្រី អាយុ២៤ឆ្នាំ , ទី២ ឈ្មោះ ណុប ចាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ ទី៣ ឈ្មោះ សឿន កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ និង ទី៤ ឈ្មោះ វ៉ា ឡេង ភេទប្រុស អាយុ២៩ឆ្នាំ ។
ជនសង្ស័យទាំង៤នាក់ ត្រូវបានកងកម្លាំងនគរបាលខណ្ឌមានជ័យ ចេញល្បាតប្រទះឃើញ កាលពីវេលាម៉ោង២ រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយដកហូតបានគ្រឿងញៀនចំនួន៣កញ្ចប់ ៕ដោយ៖ចេស្ដា