ខេត្តបន្ទាយមានជ័យ ៖ប្រជាពលរដ្ឋ១គ្រួសារជាកសិករក្រីក្រនាពេលថ្មីៗនេះបានកើតកូនភ្លោះ៣នាក់ចំពេលដែលនៅលើពិភពលោកកំពុងចលាចលកើតនូវជំងឺកូវីដ-១៩តែសំណាងល្អណាស់កូនភ្លោះទាំង៣នាក់នោះមានសុខភាពល្អមាំមួនមិនពាក់ព័ន្ធជំងឺកូវីដ-19។
មន្ត្រីមូលដ្ឋានបានប្រាប់ឲ្យដឹងថាកូនភ្លោះដែលកើតក្នុងត្រកូលកសិករនោះសុទ្ធតែប្រុសទាំងអស់កើតនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះហើយបានចេញពី មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។ឪពុកម្តាយរបស់គេជាកសិករក្រីក្ររស់នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់ម្តាយបង្កើតកូនភ្លោះទាំង៣នាក់នោះបានរៀបរាប់ប្រាប់ឲ្យដឹងថាគាត់ជាកូនកសិករក្រីក្របំផុតមានប្តីឈ្មោះ លាង ប៊ុនធាវ អាយុ ២៤ឆ្នាំ ហើយគាត់ជាប្រពន្ធ ឈ្មោះ ម៉ុន សុផន អាយុ២៤ឆ្នាំ រស់រស់នៅភូមិ ឃុំ ស្រុកខាងលើ។ គាត់ទើបតែមានផ្ទៃពោះសម្រាលកូនដំបូង នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបបាន កូនភ្លោះ៣នាក់សុទ្ធតែប្រុសទាំងបីនេះឯង។
ស្រ្តីជាម្តាយកូនភ្លោះទាំង៣ឲ្យដឹងទៀតថាក្រោយពីកើតបានកូនភ្លោះទាំង៣នាក់នោះរួចមកជីវភាពគ្រួសាររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ទៅៗដោយទឹកដោះរបស់គាត់មិនសូវសំបូរនិងរកទឹកដោះគោកំប៉ុងជាជំនួយក៏គ្មានលុយទិញឲ្យកូនទាំង៣បៅទៀត។គ្រួសារគាត់ពឹងផ្អែកតែទៅលើប្តីម្នាក់ទាំងស្រុង។ចំណែកមុខរបររបស់គ្រួសាររំពឹងតែធ្វើការមួយថ្ងៃដូរបាយ១ថ្ងៃប៉ុណ្ណោះ ដូច្នេះគាត់ពុំដឹងថាទៅថ្ងៃមុខអាចចឹញ្ចឹមកូនទាំង៣នាក់នេះរស់ដោយរបៀបណានោះឡើយបើក្នុងផ្ទះរបស់គាត់គ្មានអង្ករច្រកឆ្នាំងផងនោះ។សព្វថ្ងៃនេះគ្រួសាររបស់គាត់រំពឹងតែញាតិជិតខាងជួយផ្តល់ចំណីអាហារបន្តិចបន្តួចប៉ុណ្ណោះនិងម្យ៉ាងស្រុកទេសកំំពុងកើតចលាចលអំពីរឿងជំងឺកូវីដ-១៩នេះទៀតរឹតតែធ្វើឲ្យគ្រួសារគាត់ជួបប្រទះក្នុងការខ្វះខាតកាន់តែខ្លាំងមែនទែន។
ទាក់ទិនប្រជាពលរដ្ឋសម្រាលបានកូនភ្លោះ៣នេះដែរ គេបានកត់សម្គាល់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាតែងតែបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលសម្រាលបានកូនភ្លោះ៣នាក់បែបនេះខ្លាំងណាស់ ដោយសម្តេចបានជួយឧបត្ថម្ភសម្ភារ គ្រឿងឧបភោគបរិភោគ ម្សៅទឹកដោះគោនិងថវិកាផ្គត់ផ្គង់ដល់គ្រួសារទាំងនោះមិនដែលខាន។
មិនតែប៉ុណ្ណោះសម្តេចតេជោបានចាត់ទុកកូនភ្លោះ៣ថាជាកូន ឬចៅសម្តេចទៀតផង។ដូច្នេះគេសង្ឃឹមថា កូនភ្លោះ៣នាក់នេះសម្តេចតេជោនឹងមិនឲ្យពួកគេដាច់ពោះស្លាប់នោះឡើយ៕
ដោយ៖ប្រាថ្នា