អង់គ្លេស ៖ តាមប្រភពពី CGTN បានឲ្យដឹងថា ការធ្វើតេស្តលើមនុស្សសម្រាប់វ៉ាក់សាំងការពារ COVID-19 ដែលបង្កើតដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford នឹងចាប់ផ្តើមធ្វើតេស្តនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
នេះបើយោង តាមករអះអាងរបស់រដ្ឋមន្ត្រីសុខភាពចក្រភពអង់គ្លេសលោក Matt Hancock បានប្រកាសឲ្យដឹង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីជំងឺរាតត្បាតសកលនេះ លោកMatt Hancockរំលឹកឡើងវិញនូវការគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេសចំពោះគម្រោងចាក់វ៉ាក់សាំងចំនួនពីរនៅក្នុងចក្រភពអង់គ្លេសដែលមួយត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅ Oxford និងមួយផ្សេងទៀតនៅឯ Imperial College London ។
លោក Hancock បានឱ្យដឹងទៀតថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានផ្តល់មូលនិធិចំនួន ២០ លានផោន (២៤.៥ លានដុល្លារ) ដល់សកលវិទ្យាល័យសម្រាប់ស្រាវជ្រាវវ៉ាក់សាំងការពារជំងឺ COVID-19 ហើយប្រសិនវ៉ាក់សាំងនេះពិតជាមានប្រសិទ្ធភាពមែននោះ រដ្ឋាភិបាលនឹងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាជនអង់គ្លេសឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
តែយ៉ាងណាលោកបានប្រាប់ថា ការធ្វើតេស្តវ៉ាក់សាំងចាក់លើមនុស្សនៅពេលខាងមុខនេះ គឺមិនប្រាកដថានឹងជោគជ័យ១០០ភាគរយនៅឡើយទេ ហើយប្រសិនបើវាបរាជ័យ នោះយើងនឹងបង្កើតវ៉ាក់សាំងថ្មីទៀតតាមរូបមន្តផ្សេង រួចធ្វើតេស្តបន្តទៀត ៕ដោយ៖ប្រាថ្នា