ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ បំភ្លឺជូនថ្នាក់ដឹកនាំ នឹងសាធារណៈជនមេត្តាជ្រាប រូបភាពវីដេអូ ដែលចរាចរណ៍គ្រឿងញៀននៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ជារូបថតតាំងពីឆ្នាំ២០១៧ (៣ឆ្នាំមុន)

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៍មានជាច្រើនបានចេញផ្សព្វផ្សាយពាក់ព័ន្ធរូបភាពវីដេអូ ដែលជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញរួចមក រដ្ឋបាលខណ្ឌដូនពេញ សូមគោរព និងបំភ្លឺជូនថ្នាក់ដឹកនាំ ព្រមទាំងសាធារណៈជនមេត្តាជ្រាប ក្រោយទទួលព័ត៍មានភ្លាមៗសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញម្ចាស់ខ្លីបវីដេអូដែលបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺជាពលរដ្ឋរស់នៅតំបន់ខាងលើនេះមានឈ្មោះ ឌិន សុវណ្ណា ហៅស្រីម៉ៅ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ យកមកសារសួរ ដោយខ្លួនបានបំភ្លឺជូនសមត្ថកិច្ចថា៖ ខ្លីបវីដេអូនេះខ្លួនបានរូបភាពវីដេអូ ដែលចរាចរណ៍គ្រឿងញៀននៅចំណុចផ្លូវរថភ្លើងនោះ ជារូបថតតាំងពីឆ្នាំ២០១៧ (រយៈពេល៣ឆ្នាំមុនម្ល៉េះ) ។

រដ្ឋខណ្ឌដូនពេញបន្តថា ចំពោះមុខសញ្ញាក្នុងសកម្មភាពវីដេអូខាងលើនេះ ក៏ត្រូវបានអាជ្ញាធរ នឹងសមត្ថកិច្ចមូលដ្ឋាន បានបង្ក្រាបកន្លងមករួចហើយដែរ ។ ដោយឡែកពិនិត្យទៅលើទិដ្ឋភាពក្នុងវីដេអូ គឺជាដីឡូតិ៍ តែបច្ចុប្បន្នទីតាំងតំបន់នេះបានអភិវឌ្ឈន៍ប្រែក្លាយជាអគារសំណង់ធំខ្ពស់ៗព័ន្ធជុំវិញ ។

បច្ចុប្បន្នគណៈបញ្ជាការឯកភាពខណ្ឌ បាននឹងកំពុងសហការជាមួយការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាន មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានបន្តអនុវត្តន៍នូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជាក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ សាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឈរលើគោលការណ៍ដាក់កម្លាំងត្រួតពិនិត្យ នឹងគ្រប់គ្រងក្នុងវិធានការជំនាញ ដោយស្រាវជ្រាវបង្ក្រាប ឬបង្ក្រាបដោយរូបភាពចំហរក្នុងសកម្មភាពជាក់ស្តែងជាប់ជាប្រចាំ ។ ដូច្នេះមានអត្ថន័យបានគោរពបំភ្លឺជូន ថ្នាក់ដឹកនាំ នឹងសាធារណ:ជន ខាងលើ សូមមេត្តាគោរពជ្រាប នឹង សូមកុំមានការភ័ណ្ឌច្រឡំលើរូបភាពវីដេអូដែលបានបង្ហោះនេះ ហើយក៏សូមសំណូមពរមានការចូលរួមសហការណ៍ផ្តល់ព័ត៌មាន គ្រប់អង្គភាពពាក់ព័ន្ធ នឹងប្រជាពលរដ្ឋនៅក្នុងរាជធានី ក៏ដូចជាបងប្អូនសារព័ត៌មាន ដើម្បីអាជ្ញាធរ នឹងសមត្ថកិច្ចមូលដ្ឋាន ពន្លឺក្នុងការបង្ក្រាបឈានដល់រំលត់បទល្មើសចរាចរណ៍គ្រឿងញៀននេះ ដូចមាននៅក្នុងផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ។

ប៉ុន្តែយោងតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍មកថា បច្ចុប្បន្ននេះចំណុចផ្លូវរថភ្លើង អតីតតំបន់បឹងកក់ ដែលជាព្រុំប្រទល់ ខណ្ឌដូនពេញ និងទួលគោក បច្ចុប្បន្ននេះ គេសង្កេតឃើញថា ក្រុមជនសង្ស័យប្រកបរបរចែកចាយនិងជួញដូរគ្រឿងញៀននៅតែបន្តលក់យ៉ាងអនាធិបតេយ្យ ទាំងថ្ងៃ ទាំងយប់ ទោះបីសមត្ថកិច្ចខិតខំបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធ នឹងខិតខំបន្តទៀត ដើម្បីបង្ក្រាបគ្រឿងញៀនឲ្យអស់ចេញពីតំបន់ដ៏ស្មុគស្មាញមួយនេះ ៕ សហការី


ចែករំលែក៖