ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន​ថ្លែងថា ច្បាប់​ដាក់​ប្រទេសជាតិស្ថិតក្នុងភាពអាសន្នគឺមានការចាំបាច់ដើម្បីថែរក្សាស្ថិរភាពសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានអះអាងថា ច្បាប់​ស្ដីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នេះបើទោះបីជាអនុវត្តទៅមានការបិទ​សិទ្ធិសេរីភាពក៏ពិតមែន ប៉ុន្តែច្បាប់នេះ គឺមានការចាំបាច់សម្រាប់ការថែរក្សាសន្តិសុខ​ទ្រព្យ​សម្បត្តិ​សាធារណៈ និងពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ។ 

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោក​ ជិន ម៉ាលីន បាន​សង្កត់ធ្ងន់ថា​ ប្រសិនបើមិនបង្កើតច្បាប់នេះ នៅពេលប្រទេសជាតិមានភាពអាសន្ននោះ​  រាជរដ្ឋាភិបាលច្បាស់ជាពិបាកក្នុងការគ្រប់គ្រង និងកំណត់សិទ្ធិរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត​ ការ​បង្កើតច្បាប់នេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ ក្នុងមាត្រា២២ថ្មី។ លោក ​បានបញ្ជាក់ថា បើមើលទៅលើគោលការណ៍ ជាការអនុវត្តជាអន្ដរជាតិ និងបញ្ញត្តិ​ច្បាប់​សិទ្ធិមនុស្សជាតិអន្ដរជាតិ ការរឹតត្បិតនេះ មិនមែនជាការរំលោភបំពានសិទ្ធិ​មនុស្សនោះ​ទេ។ 

លោក​រដ្ឋលេខាធិការបានបន្ថែមថា ការអនុវត្តរបស់ប្រទេសកម្ពុជា ក៏មិនខុស​ពីការ​អនុវត្តរបស់ប្រទេសផ្សេងៗនៅលើពិភពលោកដែរ ក្នុងកាលៈទេសៈបែបនេះ គឺតម្រូវឱ្យ​ មាន​ការ​ដាក់ចេញនូវវិធានការមួយចំនួនដែលជាការរឹតត្បិតសិទ្ធិសេរីភាព ដើម្បីប្រយោជន៍​សាធារណៈ ដើម្បីសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ ​លោកក៏បានចាត់ទុកថា ការព្រួយបារម្ភ​របស់​បុគ្គល​មួយចំនួន​ជុំវិញការបង្កើតច្បាប់នេះ គឺជាការយល់ខុស និងមិនបានសិក្សាច្បាស់​អំពី​ច្បាប់នេះ ហើយមួយ​ទៀតអាចជាផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ៕ហេង សុរិយា


ចែករំលែក៖