ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានថ្លែងប្រាប់មុនបន្តិចថា៖ សមត្ថកិច្ចចាប់ខ្លួនបានហេីយ ឃាតក ជាប៉ូលិសប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតី គឺចាប់នៅនៅខេត្តស្ទឹងត្រែង។
លោកស្នងការបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានឃាត់ខ្លួនលោក តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបាញ់សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតី នៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ។
ប្រតិបត្តិការបង្ក្រាបជនល្មើសដោយជោគជ័យ នេះ គឺ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល ។
លោកបន្តថា៖ កម្លាំងនគបាលខេត្តកណ្តាល សហការជាមួយ នគរបាលខេត្តស្ទឹងត្រែង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទើបឈានដល់ចាប់ខ្លួនជនសង្ស័យ ដែលលាក់ខ្លួនក្នុងចំការ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ មានករណីបងថ្លៃជាប៉ូលិសប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់ប្អូនថ្លៃ ដោយសារភ្លើងប្រចណ្ឌជាមួយប្រពន្ធ នៅចំណុចកោះឧកញ៉ាតី ភូមិចុងកោះ ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
ដោយ៖ ស្អាងជ័យ