ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិ ៥២នាក់​ នៅ​ប្រទេស​ម៉ូសំប៊ិក ត្រូវ​ក្រុម​បះបោរ​ឥស្លាម ​សម្លាប់ដោយ​គ្មាន​ការ​លើកលែង

ចែករំលែក៖

ប្រទេស​ម៉ូសំប៊ិក៖ យ៉ាងហោចណាស់អ្នកភូមិចំនួន៥២នាក់ នៅ​ក្នុង​ខេត្ត​នៃ​ភាគ​ខាងជើង​ ប្រទេស​ម៉ូសំប៊ិក (Mozambique) បានស្លាប់ ដោយសារក្រុមបះបោរឥស្លាមនិយមបាញ់សម្លាប់ បន្ទាប់​ពី​ពលរដ្ឋទាំងនោះ​បាន​បដិសេធ​មិន​ចូល​ក្នុង​ជួរ​របស់​ពួកគេ ។

យោងតាមអ្នក​នាំ​ពាក្យ​ប៉ូលីស​លោក Orlando Modumane បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា “ យុវជន​ទាំង​នោះ​ជិត​ត្រូវ​បាន​គេ​ជ្រើសរើស ​ប៉ុន្តែ​ពួកគេ​បាន​ប្រឆាំង ​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​ក្រុម​បះបោរ​ឥស្លាម និង​បាន​សម្លាប់​មនុស្ស ៥២នាក់​ កាល​ពី​ថ្ងៃ​ទី ៧ ខែ​មេសា​ ដោយ​គ្មាន​ការ​លើកលែង​នរណា​ម្នាក់​ឡើយ” ។

ការ​សម្លាប់​នេះ​បាន​កើតឡើង​នៅ​ក្នុង​ភូមិ Xitaxi ក្នុង​ស្រុក Muidumbe ខេត្ត Cabo Delgado ជា​កន្លែង​ដែល​មាន​គម្រោង​ឧស្ម័ន​រាប់​ពាន់​លាន​ដុល្លារ​ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ប្រេង​ដូចជា ​តូតាល់។

ដោយឡែកកាល​ពី​ថ្ងៃ​ពុធ ទី២២ ខែមេសានេះ​ មេ​បញ្ជាការ​ប៉ូលីស​ជាតិ​ លោក Bernardino Rafael បាន​និយាយ​ថា ​គ្មាន​ផ្នែក​ណាមួយ​នៃ​ខេត្ត​ដែល​មាន​បញ្ហា ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​បះបោរ​ទេ។ ការ​អត្ថាធិប្បាយ​របស់​លោក​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​​ញឹកញាប់ ​នៃ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

ក្រុម​អ្នក​វិភាគ​សន្តិសុខ​និយាយ​ថា ​ក្នុង​ករណី​ខ្លះ​ក្រុម​បះបោរ​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​​ទីប្រជុំជន​ភូមិ ​ឬ​អគារ​រដ្ឋាភិបាល ​និង​បាន​លើក​ទង់​ស​ខ្មៅ៕ ស តារា


ចែករំលែក៖