ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលផែនស្រាវជ្រាវព័ត៌ មានសន្តិសុខអោយដឹងថា បន្ទាប់ពីស្រាវជ្រាវនិងកំណត់ទីតាំងរួចមក កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងអារជ្រៀកឈើខុសច្បាប់ចំនួន០៦ទីតាំង នៅចំណុចភូមិ កំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកអោយដឹងបន្តថា ការបង្ក្រាបធ្វេីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ដោយមានការចូលរួមពីកម្លាំងកងរាជអាវុធខេត្ត-ស្រុកបារាយណ៍ ស្រុកសន្ទុក និងផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ថ្ម ។
លោក ឃុន ប៊ុនហូ បានអោយដឹងទៀតថា ការចុះបង្រ្កាបទីតាំងខាងលើនេះ កម្លាំងសមត្ដកិច្ចចាប់យកឈើហ៊ុបមូល ក្តារឈើឃ្នាបមួយចំនួន ម៉ាស៊ីនអាជ្រៀកឈើ០២គ្រឿង ។
លោកបញ្ជាក់ប្រាប់ថា ចំពោះវត្ថុតាងទាំងនេះនៅមិនទាន់វាស់វែងនៅឡើយ ដោយសារការបង្ក្រាបមិនទាន់ចប់និងប្រមូលដឹកមិនទាន់អស់ តែវត្ថុតាងត្រូវបានប្រគល់អោយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មទុកវាស់វែង៕ ដោយ ៖ ប៊ុនរិទ្ធី