ព័ត៌មានទាន់ហេតុការណ៍៖

បញ្ឈប់សោះបែរជាដាក់ថាលាឈប់ហើយអត់បើកប្រាក់អតីភាពការងារឲ្យកម្មករកម្មការិនីជាង៣០០នាក់ក្នុងចំណោម១០២០នាក់ធ្វើកូដកម្ម

ចែករំលែក៖

ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«ហ៊ូ លូ ហ្គាមេន» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាង៣០០នាក់ក្នុងចំណោម១០២០នាក់បានសម្ដែងការភ្ញាក់ផ្អើលខណៈដែលក្រុមហ៊ុនឲ្យឈប់សម្រាកហើយផ្ដល់ប្រាក់ឈ្នួលឲ្យត្រឹម៤០ភាគរយនៃចំនួនប្រាក់ខែគោលរយៈពេល២ខែមកហើយ។លុះវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្រាប់តែខាងរោងចក្រហៅទៅបើកលុយ៤០ភាគរយហើយសរសេរនៅក្នុងលិខិតការងារដាក់ថាពួកគេសុំលាឈប់ទៅវិញ ព្រមទាំងអត់ផ្ដល់ប្រាក់អតីតភាពការងារឲ្យឡើយ។ក្រោយពេលក្រុមហ៊ុនធ្វើបែបនេះកម្មករទាំងនោះបានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែពួកគេមិនបានសុំលាឈប់សោះតែខាងរោងចក្រទេដែលបានបញ្ឈប់ពួកគេហើយក៏បាននាំគ្នាធ្វើកូដកម្មតវ៉ាទាមទារឲ្យស្ថាប័នក្រសួងការងារឬអាជ្ញាធរពាក់ព័ន្ធនានាជួយរកដំណោះស្រាយជូនពួកគាត់។

កម្មករទាំងនោះបាននិយាយថា ថៅកែរោងចក្រកាត់ដរ សម្លៀកបំពាក់ខាងលើបានផ្អាកដំណើរការបណ្ដោះអាសន្នរយៈពេល២ខែកន្លងមកហើយដោយគ្មានសម្ភារៈសម្រាប់ឲ្យកម្មករធ្វើហើយថៅកែបានផ្ដល់ប្រាក់៤០ភាគរយនៃចំនួនប្រាក់ឈ្នួលជូនកម្មករ។ដោយឡែក នៅព្រឹកទី២៣ ខែមេសា ខាងរោងចក្របានហៅឲ្យកម្មករជាង៣០០នាក់ទៅបើកប្រាក់ឈ្នួល៤០ភាគរយទៀត ហើយបានដាក់នៅក្នុងលិខិតការងារថាកម្មករទាំង អស់ជាអ្នកសុំលាលែង(សុំឈប់)ពីការងារទៅវិញ។មិនតែប៉ុណ្ណោះបានលើយកហេតុផលថាកម្មករលាឈប់នេះមិនផ្ដល់ប្រាក់អតីតភាពការងារឲ្យឡើយ ខណៈនោះបានធ្វើឲ្យកម្មករទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ប្រមូលផ្ដុំគ្នាធ្វើកូកម្មតវ៉ាតែម្ដង។

កម្មករបានបន្តឲ្យ ដឹងថា រោងចក្រមួយនេះមានកម្មករកម្មការិនីបម្រើការងារចំនួន១០២០នាក់ ហើយពួកគាត់ខ្លះបានបម្រើការងារនៅទីនោះជាង៥ឆ្នាំនិងខ្លះទៀតជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែរយៈពេលចុងក្រោយនេះពុំបាន ដឹងថារោងចក្រត្រូវក្ស័យធនឬអ្វីនោះទេ។ស្រាប់តែរោងចក្របានប្រកាសផ្អាកបណ្ដោះអាសន្ននិងផ្ដល់ជូនកម្មករម្នាក់ៗនូវប្រាក់ចំនួន៤០ភាគរយនៃចំនួនប្រាក់ខែគោលហើយមាន រយៈពេល២ខែកន្លងមកហើយ។ពួកគេក៏យល់ព្រមទទួលយកដែរ ប៉ុន្តែស្រាប់តែពេលនេះខាងរោងចក្របញ្ឈប់ពួកគាត់សោះ ហើយបែរជាមានការប្រកាសថាពួកគេជាអ្នកសុំលាលែងបែបនេះទើបពួកគេមិនអាចទទួលយកបាន ហើយការប្រកាសបែបនេះក៏ព្រោះតែខាងរោងចក្រមិនចង់ផ្ដល់ប្រាក់ឈ្នួលពេញរួមជាមួយប្រាក់អតីតភាពការងារជូនពួកគេតែប៉ុណ្ណោះ៕


ចែករំលែក៖