ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានចូល បួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃសុក្រ​ ទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០។
សម្តេចបន្តថា៖ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹង ប្រជាជនកម្ពុជា ។

ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើក ទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ​ ស៊ូរ៉ាវ​ ការជួបជុំលក្ខណៈសាសនា និង សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់ មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហែស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ។

សម្តេចមានប្រសាសន៍ថា៖ ខ្ញុំសូមបួងសួង​ សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ​ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ ៕សូមអរគុណ

ដោយ៖សុខ ខេមរា


ចែករំលែក៖