កណ្ដាល៖ យុវជនម្នាក់ ពុំដឹងជាមានមូលហេតុអ្វីបានសម្រេចចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនក្នុងបន្ទប់ទឹកស្លាប់យ៉ាងអណោចអធ័ម បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង យាន់ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ វេលាម៉ោង១៤និង៣០ នាទីរសៀល ឪពុកជនរងគ្រោះបានប្រើជនរងគ្រោះឲ្យទៅយកទូកនៅបឹងមេលងយកមកទុកនៅផ្ទះ ពេលយកទូកមកទុកនៅផ្ទះរួច ជនរងគ្រោះបានសុំប្រាក់ពីឪពុករបស់ខ្លួនចំនួន១០០០០រៀល ដើម្បីឲ្យទៅឈ្មោះ បូរ៉ា ដែលទៅជួយយកទូកជាមួយគ្នា ហើយឪពុកជនរងគ្រោះក៍បានឲ្យប្រាក់ទៅជនរងគ្រោះ ។ ក្រោយពីបានប្រាក់ចំនួន១០,០០០រៀល ជនរងគ្រោះក៏ដើរចេញពីផ្ទះទៅបាត់ លុះមកដល់វេលាម៉ោង២០និង០០នាទី ជនរងគ្រោះបានមកដល់ផ្ទះវិញ មួយសន្ទុះក្រោយមក ឈ្មោះហុង យឿន (ត្រូវជាបងបង្កើតជនរងគ្រោះ) ក៍ដើរទៅចូលបន្ទប់ទឹក ឃើញទ្វារបន្ទប់ទឹកជាប់គន្លឹះខាងក្នុង ភ្លាមនោះក៍ធាក់ទ្វារបន្ទប់ទឹកមួយទំហឹង ស្រាប់តែឃើញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹកក៍ស្រែកផ្អើលឆោឡោ ហើយក៍នាំគ្នាជួយលើកជនរងគ្រោះចេញពីខ្សែរក្រណាត់អង្រឹងក្នុងបន្ទប់ទឹកមកក្រៅ ។បន្ទាប់មកឪពុកម្ដាយនឹងបងជនរងគ្រោះ បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ពេលទៅដល់គ្រូពេទ្យបានប្រាប់ឪពុកម្តាយជនរងគ្រោះថា÷ ជនរងគ្រោះបានស្លាប់បាត់ហើយ ភ្លាមនោះក៏បានដឹកជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ ។
ក្រោយពីទទួលព័ត៌មាន ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញបានសហការជាមួយអាជ្ញាធរ ចុះមកធ្វើការពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកពិតប្រាកដមែន។ សាកសពត្រូវបានកម្លាំងជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ស្អាង ជ័យ