ខេត្តស្ទឹងត្រែង៖ឈ្មួញកំពុងតែសម្រុកដឹកជញ្ជូនផ្លែសំរងព្រៃយ៉ាងសប្បាយចិត្ត ចេញពីទីរួមស្រុកសៀមប៉ាង ទៅកាន់ប្រទេសវៀតណាមក្នុងមួយយប់ៗចាប់ពី៧ទៅ១០រថយន្តសាំយ៉ុងដោយចែកជាច្រើនក្រុម និងបណ្តាក់គ្នាដូចខ្យង ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៣ទៅ៤ទៀបភ្លឺ តាមស្ពានសេកុងរហូតមានការបែកធ្លាយតាមបណ្តាញផ្សព្វផ្សាយផ្សេងៗមួយចំនួន ក្នុងការធ្វើមុខជំនួញផ្លែសំរងខាងលើនេះ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះក្រុមឈ្មួញទាំងនោះបានប្តូររូបភាព ចេញពេលយប់មកចេញពេលថ្ងៃវិញដោយ ខ្លះបង្កប់ក្រោមគ្រាប់ស្វាយចន្ទីដឹកឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនកន្លែង តែសមត្ថកិច្ចនិងមន្ត្រីជំនាញហាក់មិនអើពើ សម្ងំទទួលលុយពីក្រុមឈ្មួញទាំងនោះ ក្នុងមួយរថយន្តពី១៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀលក្នុងមួយស្ថាប័ន។ពួកគេមិនខ្វល់ខណ:វីរុសកូវីដ -១៩ កំពុងរីករាលដាលលើសកលលោក និងនៅប្រទេសកម្ពុជារាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគដ៍កាចសាហាវមួយនេះ ហើយទោះបីអាជ្ញាធរបានបិទផ្លូវព្រំដែនកម្ពុជាបណ្តោះអាសន្នក៍ដោយ ក៍ក្រុមឈ្មួញទាំងនោះធ្វើការដឹកជញ្ចូន ឆ្លងពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគីរីហួសទៅលក់ឲ្យឈ្មួញប្រទេសវៀតណាមបានយ៉ាងរលូន ។
ប្រជាពលរដ្ឋកំពុងឆ្ងល់ថាតើផ្លែសំរងនេះ វាពាក់ព័ន្ធទៅនឹងច្បាប់រដ្ឋបាលព្រៃឈើដែរទេ ព្រោះវាជាសម្បត្តិធនធានធម្មជាតិដូចឈើឯទៀតដែរ?ដើមសំរងនេះដុះក្នុងព្រៃ មានរាងស្រឡូនខ្ពស់ មិនអាចឡើងបេះបានទេ។ ដូច្នេះបើពលរដ្ឋនាំគ្នាចូលព្រៃរកបេះផ្លែសំរងនោះគឺពិតជាលំបាកណាស់ មានតែកាប់ផ្តួលរំលំទើបបេះផ្លែវាបាន។ បើគេកាប់បំផ្លាញយ៉ាងដូច្នេះមែនវាអាចប្រឈមនឹងផុតពូជនៅពេលដ៍ខ្លីខាងមុខជាក់ជាពុំខាន ។ករណីនេះដែរបើរដ្ឋបាលព្រៃឈើមិនមានវិធានការការពារទប់ស្កាត់នឹងបង្ក្រាបដោយនាំគ្នាអង្គុយចាំតែរាប់ក្បាលឡានពីក្រុមឈ្មួញយកធ្វើមាន ធ្វើបាន ជាថ្នូរមិនបង្ក្រាបទេនោះវារឹតតែរលាយហិនហោចកាន់តែខ្លាំងឡើង។
ជុំវិញរឿងនេះលោកលៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងបានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា នេះថា ផ្លែសំរងជាអនុផលព្រៃឈើម្យ៉ាងសំខាន់ដែរ។ដូច្នេះការកស៉ីដឹកជញ្ចូនផ្លែសំរង ជាលក្ខណៈអាជីវកម្មគឺវាខុសច្បាប់ហើយ តែបើប្រជាពលរដ្ឋនាំគ្នា រើសតាមជាលក្ខណៈគ្រួសារបន្តិចបន្តួចនោះ វាមិនអីទេព្រោះវាទុំជ្រុះតាមធម្មជាតិ។ តែបើកាប់ផ្តួលរំលំវា ធ្វើឲ្យប៉ះពាល់ហិនហោចបាក់រលំ ដល់ដើមឈើដទៃទៀតវារឹតតែខុសច្បាប់។
ដោយឡែកថ្មីៗនេះលោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចាត់ទុកផ្លែសំរងជាផ្លែឈើម្យ៉ាងមានសារប្រយោជន៍សម្រាប់ជាចំណីរបស់មនុស្ស។លោកបានអំពាវនាវឲ្យរើសផ្លែសំរងដែលទុំជ្រុះបានហើយ សូមកុំឲ្យមានការកាប់បំផ្លាញដើមសំរងឲ្យសោះ។
គួរំលឹកថា: ផ្លែសំរងវាជាសម្បត្តិធម្មជាតិ ដែលដុះក្នុងព្រៃស្រោង វែងខ្ពស់ដើមស្រលូនមិនអាចឡើងបេះបានទេ ។បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច តែងរើសវាយកមកត្រាំទឹកឲ្យរីកយកធ្វើបង្អែម ឬធ្វើជាថ្នាំត្រជាក់កែរោគគ្រុនក្តៅផងដែរ ។ក្រោយមកក៍ចាប់ផ្តើមមានឈ្មួញ ចូលទិញ លក្ខណៈតូចតាចមិនដូចបច្ចុប្បន្ននេះទេ។
ជាក់ស្តែងនៅឆ្នាំនេះផ្លែសំរងកំពុងត្រូវប៉ាន់ ធ្វើឲ្យឈ្មួញបំផុសបំផុលឲ្យពលរដ្ឋ ចូលព្រៃកាប់ផ្តួលរំលំដើមបេះយកផ្លែមកលក់ឲ្យពួកគេដែលឈរចាំទិញ នៅក្នុងស្រុកសៀមប៉ាង ។ករណីនេះកើតមាននៅក្នុងដែនឧទ្យានជាតិវរជ័យ ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យានុរក្ស បរិស្ថាននេះតែម្តង៕ដោយ÷ មាស សុផាត