ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅនិងក្រុមគ្រួសារនាំយកអំណោយចែកជូនប្រជាពលរដ្ឋ១០០គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលជំងឺ កូវីដ១៩ កំពុងតែគម្រាមកំហែងសុខភាព និងជីវភាពប្រជាពលរដ្ឋនិងដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ លោកគិត សុផល មេបញ្ជាការមូលដ្ឋានកងរាជអាវុធខណ្ឌច្បារអំពៅនិងក្រុមគ្រួសារបាននាំយកអំណោយផ្ទាល់ខ្លួនចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ រស់នៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៧គីឡូក្រាម ទឹកត្រី១យួ ទឹកសុីអុីវ១យួ មី៥កញ្ចប់ សាប៊ូម្សៅ៣កញ្ចប់តូច។
មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋលោកគិត សុផល មេបញ្ជាការមូលដ្ឋានកងរាជអាវុធខណ្ឌបានណែនាំនិងបញ្ជ្រាបពីវិធីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
លោកមេបញ្ជាការបានថ្លែងថាជាពិសេស សូមបងប្អូនប្រជាពលរដ្ឋ ត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ-១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនរៀងរាល់ថ្ងៃ ។
ជាមួយគ្នានេះដែរលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន ៕ដោយ៖ សណ្តោស


ចែករំលែក៖