អាមេរិក៖ ក្នុងពេលដែលតម្លៃប្រេងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាមេរិកក៏បានទិញបំពេញឃ្លាំងប្រេងយុទ្ធសាស្ត្រ របស់ខ្លួន ដើម្បីប្រើប្រាស់ពេលមានអាសន្ន។ ប៉ុន្តែក្រោយពេល ទិញបំពេញរួមតម្លៃក៏បានកើនឡើងវិញ២០ភាគរយ ក្នុងរយៈពេលខ្លី។ តម្លៃប្រេងឡើងថ្លៃគឺដោយសារតែ ប្រធានាធិបតី ត្រាំ បានបញ្ជាឲ្យកម្លាំងទាហានបាញ់កម្ទេចនាវាអ៊ីរ៉ង់ ដែលរំខាន់ដល់នាវាចម្បាំងអាមេរិក។ ចំណែកមេទ័ពអីុរ៉ង់ ក៏បានបញ្ជាឲ្យកម្លាំងទាហានកម្ទេចនាវាចម្បាំងអាមេរិក ប្រសិនបើផ្ទុះអាវុធ ទៅលើអីុរ៉ង់នោះ។ ការប្រឈមមុខតានតឹងដាក់គ្នាបានធ្វើឲ្យតម្លៃប្រេង នៅលើពិភពលោក ឡើងថ្លៃវិញ២០ភាគរយ នៅថ្ងៃទី២៣ ខែមេសា។ តម្លៃប្រេងឡើងថ្លៃ ដោយសារតែខ្លាចអាមេរិក និងអ៊ីរ៉ង់ផ្ទុះសង្គ្រាម នៅឈូងសមុទ្រពែក្សប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់ប្រេង។ កត្តាដែលធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ គឺដោយសារតែ ប្រេងភាគច្រើនដែលប្រើប្រាស់នៅលើពិភពលោកនាំចេញតាមច្រកសមុទ្រ អ៊ីរ៉ង់ សមុទ្រពែក្សជាតំបន់ដែលអាមេរិក និងអ៊ីរ៉ង់ កំពុងតានតឹងដាក់គ្នា។ កន្លងមក អ៊ីរ៉ង់ បានព្រមានបិទច្រកសមុទ្រក៏បានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃដែរ ៕
ដោយ៖ធី រីណា