ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៩និង០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរ សង្កាត់សាក់សំពៅ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។។
សម្តេចបានសាកសួរសុខទុក្ខ ជាពិសេសសួរពីស្ថានភាពសុខភាពផ្ទាល់ខ្លួនម្នាក់ៗ និងស្តាប់របាយការណ៍ស្តីពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់។
សម្តេចបានសាកសួររអំពីសភាពការណ៍ និងការអប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការទប់ស្កាត់ និងការពារជម្ងឺកូវីដ ១៩ នៅក្នុងមូលដ្ឋានផងដែរ។
ទទ្ទឹមនឹងនេះ សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនអំពីស្ថានភាពនៃការរីករាតត្បាតរបស់វារុសកូវីដ ១៩ នៅបណ្តាប្រទេសជុំវិញពិភពលោក។ជម្ងឺរាតត្បាតដ៏កាចសាហាវ និងងាយចម្លងបំផុតនេះគឺបង្ករមកពីវីរុសកូវីដ ១៩ ដែលជាវីរុសប្រភេទថ្មី ហើយដែលមិនទាន់មានការស្រាវជ្រាវបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ឲ្យច្បាស់លាស់ និងរកឃើញវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ឬបង្កើតបាននូវវ៉ាក់សាំង សំរាប់ការពារនៅឡើយ…។ ដោយឡែកនៅកម្ពុជាយើង អាស្រ័យដោយរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការបានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា….ម្យ៉ាងទៀតកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋគ្រប់រូបម្នាក់ៗសុទ្ធតែមានការភ័យខ្លាច មានការយល់ដឹង និងចូលរួមសហការអនុវត្តយ៉ាងសស្រាក់សស្រាំនោះទើបស្ថានភាពនៃជម្ងឺនេះមានភាពធូរស្រាលមួយកំរិតវិញ ព្រោះការចម្លងមិនទាន់រីករាលដាលដល់ក្នុងសហគមន៍ ហើយក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះគឺមិនមានករណីឆ្លងថ្មីៗទៀត ហើយក៏នៅមិនទាន់មានអ្នកស្លាប់ និងការព្យាបាលបានជាស្បះស្បើយមានចំនួនច្រើន (១១០នាក់/១២២នាក់)… ។ តែនេះមិនមានន័យថា មិនអាចកើតមាននូវរលកនៃការចម្លងកូវីដ ១៩ ជាថ្មីទៀតនោះដែរ ហេតុនេះទើបត្រូវតែបន្តប្រុងប្រយ័ត្ន និងការពារទប់ស្កាត់តទៅទៀត។ ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែងគឺ៖
-ការអនុវត្ត អនាម័យខ្លួនប្រាណ – ការហាត់ប្រាណ
– ការអនុវត្តគម្លាតសុវត្ថិភាព
-និងត្រូវពាក់ម៉ាស្សការពារក្នុងករណីចាំបាច់និងនៅទីកន្លែងដែលមានមនុស្សច្រើនៗ…។
ប្រជាពលរដ្ឋម្នាក់ៗត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕
ដោយ៖ សិលា