ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ដកហូតកូនសត្វត្រដក់តូចពីរក្បាលពីពលរដ្ឋ ប្រគល់ជូន អង្គការ Wildlife

ចែករំលែក៖

ភ្នំពេញ ៖ អង្គការ ជីវិតសត្វស្លាបអន្តរជាតិ(BirdLife) បានបញ្ជាក់ថា កូនសត្វត្រដក់តូច (Lesser Adjutant) ចំនួនពីរក្បាលមានអាយុប្រហែល ២ខែ ត្រូវបាន ក្រុមឩទ្យានុរក្សតំបន់រ៉ាមសារ​ស្ទឹងសែន បានដកហូតពីគ្រួសារមួយស្ថិតក្នុងភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។ នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់អង្គការ ជីវិតសត្វ​ស្លាប​អន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្រុមឩទ្យានុរក្សបានដកហូតត្រដក់តូច​ទាំងនេះ ដែល​​ត្រូវបានគ្រួសារមួយទិញពីអ្នកប្រមាញ់ម្នាក់មកចិញ្ចឹម ក្នុងគោលបំណងចិញ្ចឹមលម្អ ដូច​សត្វស្រុកធម្មតា មិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ។ ក្រោយពីដកហូតសត្វស្លាប ទាំងពីរ​នេះ​ត្រូវបានប្រគល់ជូនអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ដើម្បីធ្វើការស្តានិតិសម្បទាមុននឹង សម្រេចប្រលែងពួកគេទៅក្នុងជម្រក​ធម្មជាតិ​វិញ ។

ចំណែក ឯម្ចាស់សត្វ ក៏តម្រូវឱ្យចុះកិច្ចសន្យាលើការឈប់ប្រព្រឹត្តបទល្មើស សត្វព្រៃ​នេះ​បន្តទៀត។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមល្បាតក៏ បានអប់រំបន្ថែមអំពីច្បាប់​តំបន់ការ​ពារធម្មជាតិ ការអភិរក្ស សត្វស្លាបនិងជីវៈចម្រុះ និងតួនាទីរបស់សហគមន៍មូលដ្ឋានក្នុង ការចូលរួមថែរក្សាការពារ និងប្រើប្រាស់ដោយឈ្លាសវៃនូវធនធានធម្មជាតិដែលមានក្នុង​តំបន់​រ៉ាមសារនេះ៕ដោយ៖ ហេង សូរិយា


ចែករំលែក៖