ភ្នំពេញ ប្រធានតុលាការកំពូល លោក ឌិត មុន្ទី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានផ្ញើលិខិតជូនលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ដែលទើបត្រូវបានតែងតាំងថ្មីជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ក្នុងលិខិតនោះប្រធាន ស្ថាប័នកំពូលរូបនេះ មានជំនឿថា ក្រោមការដឹក នាំរបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី នឹងដាក់ ចេញ នូវគោលការណ៍ថ្មីៗ សម្រាប់កំណែ ទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។
នៅក្នុងលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ឌិត មុន្ទី ប្រធានតុលាការកំពូល បានអរគុណរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែល បាន ផ្តល់ ការលើកទឹកចិត្តចំពោះលោកក្នុងការចូលរួមចំណែកបម្រើប្រយោជន៍ជាតិ និងប្រជាជន ជំរុញការពង្រឹងនីតិរដ្ឋឱ្យបានរឹងមាំ។
លោកបានបន្តថា៖ សម្រាប់ប្រធានតុលាការកំពូលរូបនេះ លោកមាន ជំនឿថា «ក្រោមការដឹកនាំរបស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងដាក់ចេញនូវ គោលការណ៍ថ្មីៗ ដើម្បី ជាផលប្រយោជន៍ដល់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ដែលជាមុំមួយនៃយុទ្ធ សាស្ដ្រ ចតុកោណរបស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា៖ លោក កើត រិទ្ធ ត្រូវបានប្រកាសចូលកាន់តំណែង ជារដ្ឋមន្ដ្រី ក្រសួង យុត្តិធម៌ថ្មី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ ។ ក្នុងឱកាសចូលកាន់តំណែងថ្មីនេះ លោកបានប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តន៍ គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និង យុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និង ភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត។ ក្នុងនោះលោករដ្ឋមន្ត្រីបានសំដែងនូវការដឹងគុណ ដល់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អង្គវង្ស វឌ្ឍានា ដែលបានផ្តល់ពីបទពិសោធន៍លើវិស័យច្បាប់ ធ្វើអោយលោកមិនអាចបំភ្លេចបាន៕សុខ ខេមរា