ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីដនី បើកទ្វារឆ្នេរសមុទ្រមិនបានប៉ុន្មានក៏បិទវិញ ដោយពលរដ្ឋសម្រុកទៅច្រើនពេក

ចែករំលែក៖

ឆ្នេរសមុទ្រភាគខាងត្បូងទីក្រុងស៊ីដនី បានបិទទ្វារជាលើកទីពីរ ក្រោយរយៈពេលបើកទ្វារបាន៥ថ្ងៃ ដោយសារតែពលរដ្ឋ សម្រុកទៅច្រើនពេក មិនគោរពទៅតាមច្បាប់ គម្លាតសង្គម ពេលចេញទៅលម្ហែកាយនៅឆ្នេរសមុទ្រ។
តាមសារព័ត៌មាន Zingnews នៅថ្ងៃទី២៤ ខែមេសា បានផ្សាយថា ៖ ឆ្នេរសមុទ្រ Clovelly, Coogee និង Maroubra បានសម្រេចបិទទ្វារនៅវេលាម៉ោង១៣រសៀលថ្ងៃ ទី២៤ ខែមេសា ដោយសារតែពលរដ្ឋ មិនគោរពច្បាប់គម្លាតគ្នា ពេលចេញទៅឆ្នេរសមុទ្រ។
គណៈកម្មការទីក្រុង Randwick បានប្រកាសថា៖ ឆ្នេរសមុទ្រនឹងបើកទ្វារនៅថ្ងៃ សៅរ៍និងអាទិត្យ ចាប់ពីម៉ោង ៦ដល់ម៉ោង៩ព្រឹក ហើយពលរដ្ឋអនុញ្ញាតឲ្យទៅហាត់ប្រាណតែប៉ុណ្ណោះ។ គណៈកម្មការទីក្រុងនឹងវាយតម្លៃឡើងវិញនៅថ្ងៃទី ២៧ខែមេសា ប្រសិនបើពលរដ្ឋគោរពទៅតាមច្បាប់គម្លាតសង្គមនោះ អាចនឹងបន្តបើកទ្វារ។
ចំណែកគណៈកម្មការតីក្រុង Waverly ក៏បានប្រកាសផងដែរថា ឆ្នេរសមុទ្រ Bondi និង Bronte នឹងបើកទ្វារ នៅថ្ងៃទី ២៨ខែមេសា ដោយអនុញ្ញាតឲ្យពលរដ្ឋអាចចុះហែលទឹក ប៉ុន្តែ សកម្មភាពដេកហាលក្តៅ ឬប្រមូលផ្តុំគ្នាត្រូវបាហាមប្រាម។ ឆ្នេរសមុទ្រBondi បានបិទទ្វារតាំងពីខែមីនា ក្រោយពេលពលរដ្ឋរាប់ពាន់នាក់ទៅឆ្នេរសមុទ្រ ដោយមិនគោរពទៅតាមច្បាប់គម្លាតសង្គម បញ្ចៀសការឆ្លងកូវីដ១៩។
គិតដល់ថ្ងៃទី២៤ខែមេសា អូស្ត្រាលីមានអ្នកឆ្លងកូវីដ១៩ ជាង ៦៦០០នាក់ ស្លាប់ ៧៩នាក់។ ចំណែកអ្នកឆ្លងកូវីដនាពេលនេះ គឺមានក្រោម ១ភាគរយ។ ទាំងនោះហើយបានជាអូស្ត្រាលីបន្ធូបន្ថយច្បាប់ឲ្យពលរដ្ឋចេញក្រៅដើម្បីហាត់ប្រាណ តែត្រូវគោរពច្បាប់ ឲ្យបានល្អបំផុត៕ដោយ៖ ធី រីណា


ចែករំលែក៖