ព័ត៌មានទាន់ហេតុការណ៍៖

លោកផ្កាយ១ ស្រេង សុខា មិនត្រឹមតែ សម្តេច ស ខេង សម្រេចផ្អាកការងារ ជាបណ្តោៈអាសន្ននោះទេ អាចឈានដល់បណ្តេញចេញពីក្របខ័ណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ករណីលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ប្រព្រឹត្តអំពើមិនប្រក្រតី ក្នុងការងារ តំណែង ឃើញហើយថា នៅដំណាក់កាលទី១ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេច ផ្អាកការងារ ជាបណ្តោៈអាសន្ន និងអោយមកបង្ហាញមុខ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ក្រោយមក ដំណាក់ការទី២ បុគ្គលនេះបន្តល្មើសវិន័យ និងពាក់ព័ន្ធរំលោភយករឿងដីបឹងទទឹងថ្ងៃ ឈានដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន។ នេះបើ
យោងតាមលិខិតលេខ ២២១១ ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា៖ ប្រការ១ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ប្រការ២ ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរងការសម្រេចជាថ្មី។
មន្ត្រីនគរបាលបានបង្ហើបថា៖ ពេលសម្តេច ស ខេង សម្រេចផ្អាកការងារ ជាបណ្តោៈអាសន្នភ្លាម លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើលិខិតអញ្ជើញ លោក ស្រេង សុខា អោយទៅបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ យោងតាមលិខិតលេខ ២២១១ ប្រក របស់សម្តេចក្រឡាហោម ស ខេង។ ប៉ុន្តែលោក ស្រេង សុខា មិនទទួលយកចំពោះលិខិតអញ្ជើញ ដែលចុះហត្ថលេខា ត្រឹមលោកស្នងការនគរបាលខេត្តកណ្តាលនោះឡើយ គឺលោក ស្រេង សុខា គាត់ចារសុីញ៉េលើ សេចក្តីសម្រេចផ្អាកការងារ ជាបណ្តោៈអាសន្ន ដែលចេញដោយ សម្តេចក្រឡាហោម ស ខេង នោះតែម្តង។
ប្រភពគួរអោយទុកចិត្ត បានទម្លាយថា៖ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល បានព្យាយាម ពឹងពាក់អនុរដ្ឋលេខាធិការ១រូប ជួយរត់ការ យកតំណែង ជាអគ្គាធិការរង តែបរាជ័យ ខណៈបុគ្គលគាត់មានប្រវត្តិមិនល្អក្នុងការងារ នឹងស្ថិតក្នុងរង្វង់ក្រហមមួយដែលថ្នាក់លើ ចាប់កំហុសបានយ៉ាងធ្ងន់ធ្ងរបំផុត ត្រង់ (ហ៊ាន ភូតកុហក ថ្នាក់ដឹកនាំកំពូល) ដើម្បីជាគោលដៅនៃគំនិតទុចរិត រំលោភយកដីបឹងទំហំ ៤១ ០២៤៥ម៉ែត្រការ៉េ ដែលជាដីបឹងរបស់រដ្ឋ បញ្ជាក់យ៉ាងច្បាស់ពី វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 08100901-0827 ស្ថិតនៅភូមិ កោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ឈ្មោះកម្មសិទ្ធិករ អង្គភាពសាលាខេត្តកណ្តាល(រដ្ឋ)។ ផ្ទុយទៅវិញ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើពាក្យស្នើសុំអន្តរាគមន៍ ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីអោយបានខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះបញ្ជីដី ផ្តល់ប័ណ្ណសម្គាល់ សិទ្ធកាន់កាប់ អចលនវត្ថុ លើដីរដ្ឋនេះ ហើយហ៊ាន(ភូតកុហក ថាខ្លួនបានអាស្រ័យផល តាំងពីឆ្នាំ ២០០៦,២០០៧,និងឆ្នាំ២០០៨ រហូតដល់សព្វថ្ងៃ។
តាមរយៈពាក្យស្នើសុំអន្តរាគមន៍ ទៅសម្តេច ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ ។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នាយកខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើដីកាបញ្ជូន លេខ ១៤៤៣ ខន/០១៩ គោរពជូន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ចំពោះការស្នើសុំផ្តល់បណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុដីទំហំ ៤១០ ២៤៥ ម៉ែត្រការ៉េ។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញលិខិតមួយជម្រាបជូន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិនិតដោះស្រាយក្នុងរឿងដីទំហំ ៤១០ ២៤៥ម៉ែត្រការ៉េ នេះ ។ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏បន្តអោយខាងអង្គភាពមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចុះពិនិត្យជាក់ស្តែងវាស់វែង ។ ទីបំផុត ទើបដឹងថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា រៀបចំឯកសារភូកកុហកថ្នាក់លើ ដើម្បីរំលោភយកដីរដ្ឋនេះ ក្នុងនោះ ខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានគោរពជូន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា៖ ដីដែលលោក ស្រេង សុខា ស្នើសុំចុះបញ្ជីនេះ គាត់បានប្រមូលទិញពីប្រជាពលរដ្ឋ ដែលបានអាស្រ័យផល និងកាន់កាប់តាំងពីឆ្នាំ២០០៦ ,២០០៧,និង២០០៨ ដូចមានលិខិតបញ្ជាក់ប្រវត្តិដីពី អាជ្ញាធរ ភូមិ ឃុំ ប៉ុន្តែបច្ចុប្បន្ននោះ ទីតាំងដីស្នើសុំ បានចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ(រដ្ឋបាលខេត្តកណ្តាល)រួចហើយ ដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 08100901-0827 ។
ទោះជាដឹងយ៉ាងច្បាស់ថា ដីបឹងទទឹងថ្ងៃទំហំ ៤១០ ២៤៦ ម៉ែត្រការ៉េ ជាដីរដ្ឋ ក៏ដោយ ក៏លោក ស្រេង សុខា ពុះកញ្ជ្រោលក្នុងរឿងនេះ ដោយគាត់ប្រើគ្រប់រូបភាពដើម្បីកៀបសង្កត់មកលើអាជ្ញាធរភូមិ សង្កាត់ ធ្វើយ៉ាងណា បានលិខិតបញ្ជាក់ប្រវត្តិដីពី អាជ្ញាធរ ភូមិ-សង្កាត់ ក្នុងនោះហ៊ានប្រើឈ្មោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បង្កើតជាប្រតិកម្មយ៉ាងខ្លាំងក្នុងអង្គប្រជុំ ខណៈលោក ម៉ៅ ភិរុណ បញ្ជាអោយមានការដកតំណែងលោកស្នងការរង រូបនេះ។
សូមបញ្ជាក់ថា៖ លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានចេញលិខិតបដិសេធ លើលិខិតបញ្ជាក់ពីប្រវត្តិដី របស់លោក ស្រេង សុខា ដោយលើកអំណៈអំណាងថា កាលអំឡុងខែមករា ឆ្នាំ២០២០ មានឈ្មោះ ស្រេង សុខា និងឈ្មោះ អ៊ុំ វុទ្ធី បានយកលិខិតបញ្ជាក់ពីប្រវត្តិដី និងពាក្យស្នើសុំចុះបញ្ជីដី នៅចំណុច ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយអៈអាងថា ខ្លួនជាម្ចាស់ដី និងថាថ្នាក់លើបើកភ្លើងខៀវអោយរួចរាល់ហើយ យកមកអោយលោកចុះហត្ថលេខា ដោយពេលនោះលោកពុំបានពិនិត្យមើលគ្រប់ជ្រុងជ្រោយ ក៏ចុះហត្ថលេខាទៅ ។ ក្រោយមកទើបពិនិត្យឃើញថា ឯកសារដែលលោកចុះហត្ថលេខានោះ មានភាពមិនប្រក្រតី ទើបគាត់ធ្វើលិខិតបដិសេធ។
លោក ស្រេង សុខា អាចមានបទល្មើសព្រហ្មទណ្ឌ តាមរយៈក្លែងលិខិតរដ្ឋបាលសាធារណៈ លើគំនូសប្លង់បង្ហាញទីតាំងដី របស់រដ្ឋបាលសាលាខេត្ត មកដាក់ជាគំនូសប្លង់បង្ហាញទីតាំងដី របស់ឈ្មោះ ស្រេង សុខា ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ផ្ទៃក្រឡា410245Ha ដើម្បីដាក់ទៅថ្នាក់លើស្នើសុំចុះបញ្ជី ធ្វើបណ្ណ ។
រឿងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល មិនអាចបញ្ចប់ត្រឹម សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារ ជាបណ្តោៈអាសន្ន នោះឡើយ។ ថ្នាក់លើបន្តធ្វើកិច្ចការខាងលើយ៉ាងយកចិត្តទុកដាក់បំផុត ។ ជាលទ្ធផលបឋម លោក ស្រេង សុខា ស្ថិតនៅបន្ទាត់ក្រហម គឺហ៊ាន ភូតកុហក សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ នេះបើតាមការបញ្ជាក់អោយដឹងពីមន្ត្រីជាន់ខ្ពស់ ។ ដូច្នេះ លោក ស្រេង សុខា ប្រឈម ការដកស័ក្តិ លុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិកម្ពុជា និងអាចបន្តនីតិវិធីតាមផ្លូវតុលាការទៀត ក៏អាចថាបាន។
ក្នុងករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ពី លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ដោយគ្មានលេខទូរស័ព្ទ៕ដោយ៖ សុខ ខេមរា


ចែករំលែក៖