ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ មន្ទីរពេទ្យបានអនុញ្ញាតអោយអ្នកជំងឺ Covid-19ទាំងអស់ ចំនួន ៥ នាក់ ក្រោយព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យ។
ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ មន្ទីរពេទ្យបានអនុញ្ញាតអោយអ្នកជំងឺ Covid-19ទាំងអស់ ចំនួន ៥ នាក់ ក្រោយព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យ មានជនជាតិខ្មែរ ១ នាក់ ជនជាតិម៉ាឡេស៊ី ១ នាក់ ជនជាតិវៀតណាម ១ នាក់ ជនជាតិចិន ២ នាក់ ដោយបានធ្វើតេស្តអវិជ្ជមានចំនួន ២ ដង អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ដូចនេះមិនមានអ្នកជំងឺ Covid-19 សម្រាកនៅមន្ទីរពេទ្យទៀតទេ។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្ត្រាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការី ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី ២៥ មេសា ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មាន៧ករណីជាសះស្បើយថ្មី ជាសរុបយើងមាន១១៧នាក់ជាសះស្បើយ ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សម្រាកព្យាបាលនៅពេទ្យចំនួន ៥នាក់។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តសរុប ១១៣៩១ ស្មើនឹង ៧១១ ក្នុង១លាន៕
ដោយ៖ ហេង សូរិយា