ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែរំលឹក សូមអំពាវបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះកម្ពុជាយើងបានទទួលជំនួយវេជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។
សម្តេចថ្លែងថា៖ ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍និងក្នុងប្រទេសជាតិយើងទាំងមូល៕ដោយ៖ សុខ ខេមរា