ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងកុងតឺន័របុកសួនច្បារជ្រុលទៅបុកបង្គោលប៉ាណូភេសជ្ជៈខារ៉ាបាវមួយដើមបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសណ្តោងកុងតឺន័ររេចង្កូតឡើងទៅលើសួនច្បារជ្រុលទៅបុកបង្គោលប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវមួយដើមបាក់រាបដល់ដី។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី ២៦ខែមេសាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងមុខសាលារៀនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ម៉ាក HINO ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-6557 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈលុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំដៃឡើងទៅលើសួនច្បារជ្រុលទៅបុកបង្គោលប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនខារ៉ាបាវ បាក់រាបដល់ដី ចំណែករថយន្តកល់ជាប់លើសួនទៅមុខលែងរួច ចំណែកអ្នកបើករថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖