ខេត្តកំពង់ស្ពឺ៖ រថយន្តស៊េរីទំនើបៗរាប់សិបគ្រឿងដែលម្ចាស់បើកមកលេងល្បែងបញ្ជល់មាន់ក្នុងដីឡូត៍របស់លោកផ្កាយ៣ មានអំណាចម្នាក់ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបមួយដង្ហើមចង្រិតហើយធ្វើការដោះលែង។ សង្ស័យថា៖ ជាថ្នូរនឹងលុយរាប់រយ ពាន់ដុល្លារនោះ បង្កជាការរិះគន់ដល់អាជ្ញាធរនិងសមត្ថកិច្ច ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថាខ្លាចអំណាចម្ចាស់សង្វៀនបញ្ជល់មាន់ដែលជាល្បែងខុសច្បាប់ ឬជាការឃុបឃិតគ្នាក្នុងរឿងល្មើសច្បាប់នេះ។
សូមបញ្ជាក់ថា៖ ការបង្ក្រាបសង្វៀនបញ្ជល់
មាន់ពីសំណាក់នគរបាលផ្អើលស្រុកភ្នំស្រួចនេះបានធ្វើឡើងកាលពី រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើតហេតុនិយាយថា ពួកគាត់បានឃើញសមត្ថកិច្ចនគរបាលជាច្រើនចុះទៅបង្ក្រាបកន្លែងបញ្ជល់មាន់ដែលទើបបើកលេងថ្ងៃដំបូង ដោយមានបង្កប់ជាពិធីជប់លៀង(ដុតគោនិងផឹកស៊ី) ហើយមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលគេហៅទីតាំងនោះថា(ដីចម្ការសេះស) របស់អ្នកមានអំណាច(ពាក់ផ្កាយ៣លើស្មា) និងជាអ្នកមានលុយម្នាក់ផងដែរ។
ពេលបង្ក្រាបម្ចាស់ទីតាំងមិនឲ្យសមត្ថកិច្ចណាម្នាក់បានចូលទៅខាងក្នុងបានទេ ដោយសារមានរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ប្រភេទ រថយន្តរ៉េងរ៉ូវើ ឡិចស៊ីស និងរថយន្តជាច្រើនគ្រឿងទៀតមិនក្រោម៥០គ្រឿងនោះឡើយ។
ប៉ុន្តែសមត្ថកិច្ចព្យាយាមចាប់យកភស្តុតាង ទើបលេចចេញថា មានការចរចាគ្នាជាលុយកាក់ ដោយរថយន្តស៊េរីទំនើបៗថ្មីត្រូវបង់ពី៣០០ទៅ៥០០ដុល្លារអាមេរិក ហើយរថយន្តស៊េរីល្មមៗពី១០០ទៅ២០០ដុល្លារអាមេរិក និងមានអ្នករត់ការធ្វើអន្តរាគមន៍សុំដោះរថយន្តទាំងអស់ដោយមានការត្រូវរ៉ូវគ្នា និងតម្រូវឲ្យរថយន្តទាំងនោះត្រូវបើកចេញតាមផ្លូវក្រោយ មិនឲ្យចេញតាមផ្លូវមុខឡើយខ្លាចភ្នែកមហាជនឃើញ មានការងឿងឆ្ងល់។
ករណីបង្ក្រាបនេះក៏មានការឯកភាពពី លោកស្រី ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ និងបានការចង្អុលដឹកនាំពីលោកស្នងការនគរបាលខេត្ដ កម្លាំងនគរបាលការិយាល័យប្រឆាំងភេរវកម្ម និងឧក្រឹដ្ឋកម្មឆ្លងដែន កម្លាំងនគរបាលការិយាល័យអន្ដរាគមន៍ សហការជាមួយ អធិការស្រុកភ្នំស្រួច លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានចុះទៅដល់ នៅក្នុងទីតាំងដីចម្ការខាងលេី ប៉ុន្តែដោយសារតែបែកការណ៍មានអ្នកឃ្លាំមេីលធ្វេីឱ្យក្រុមអ្នកលេងល្បែងភ្នាល់បញ្ជល់មាន់នាំគ្នារត់គេចទៅក្នុងចម្ការស្វាយអស់បាត់ទៅ។ នៅសល់តែឡានមិនតិចជាង៥០ គ្រឿង តែជាលទ្ធផលក្នុងរបាយការណ៍ សមត្ថកិច្ចដាក់ថា ចាប់យកបានវត្ថុតាង មួយចំនួន រួមមាន ៖ ១) មាន់ជល់ចំនួន ៩ ក្បាល,
២) សម្ភារសង្វៀនបញ្ជល់មាន់ជាច្រើនទៀត
៣) មធ្យោបាយរថយន្ដដឹកមាន់ជល់មកកាន់ទីតាំង និងជិះមកជល់មាន់ ចំនួន ០៤ គ្រឿង
សមត្ថកិច្ចបានបេីកយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ រក្សាទុកបណ្ដោះអាសន្នសិន។
ចំណុចនេះកើតជាចំងល់ ហេតុអី ចាប់យកឡានតែ៤គ្រឿង ហើយរាប់សិបគ្រឿងទៀត
ផ្តល់អោយម្ចាស់ទីតាំងអោយអ្នកលេងបើកចេញតាមខាងក្រោយ..? ពាក់ព័ន្ធករណីនេះអង្គភាព នគរវត្ត មិនអាចទាក់ទងបានទេ ពីឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕ដោយ៖សេនាស័ក្តិ