ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារ សម្រាប់ខួបទី ១៥៧ ទិវា ៨ឧសភា ឆ្នាំ២០២០ និងចំនួន ៣ពាន់ដុល្លារ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ដល់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា៖ ខ្ញុំម្ចាស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារ សម្រាប់ខួបទី ១៥៧ ទិវា ៨ឧសភា ឆ្នាំ២០២០ និងចំនួន ៣ពាន់ដុល្លារ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ដល់កាកបាទក្រហមកម្ពុជា​ …!!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងដោយទទួលអំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ តាមរយៈ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវព្រះរាជទាន ជាព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ៖

• ២០,០០០USD (ម្ភៃពាន់ដុល្លារអាមេរិក) សម្រាប់ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។
• ៣,០០០USD (បីពាន់ដុល្លារអាមេរិក) សម្រាប់ត្រីមាសទី២ (ខែមេសា ឧសភា និងខែមិថុនា) ឆ្នាំ២០២០។

តាងនាមថ្នាក់ដឹកនាំ និងសហការីនៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ។ ព្រះរាជគុណូប្បការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តែងតែបានលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យថ្មីៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំម្ចាស់ និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំ២០២០ នេះ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាយូរអង្វែងតរៀងទៅ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តតរៀងទៅ។»

ខាងក្រោមនេះ​ ជាលិខិតរបស់ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ៕ដោយ៖សុខ ខេមរា


ចែករំលែក៖