ពិភពលោក៖ គិតដល់ព្រឹកថ្ងៃទី២៨ខែមេសា ពលរដ្ឋអាមេរិក មានជាង១លាននាក់បានឆ្លងកូវីដ១៩ ស្មើនឹង១ភាគ៣នៃចំនួនអ្នកឆ្លងនៅលើពិភពលោក។ ជាមួយគ្នានេះអង្គការសុខភាពពិភពលោក បានព្យាករណ៍ថា កូវីដ១៩ អាចអូសបន្លាយរយៈពេលយូរទៀតទើបបញ្ចប់។
ក្នុងរយៈពេល២៤ម៉ោងចំនួនអ្នកស្លាប់នៅអាមេរិក មានជាង១២០០នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើងជាង៥៦ពាន់នាក់ហើយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជំរុញឲ្យបណ្តារដ្ឋ បង្កើនការធ្វើតេស្តរកកូវីដ១៩ ឲ្យបានច្រើនក្នុងមួយថ្ងៃៗ ដើម្បីគ្រប់គ្រងការឆ្លងឲ្យបានឆាប់បំផុត។
តាមរបាយការណ៍របស់ Johns Hopkins University នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសថាកូវីដ១៩ (COVID-19) នៅទូទាំងពិភពលោកបានកើនឡើងជាង៣ ០០២ ៣០៣ នាក់ហើយ ។ ប្រភពបន្តថា ក្នុងចំណោមអ្នកផ្ទុកវីរុសសរុប មានអ្នកជំងឺ ២០៨ ១៣១ នាក់ នៅទូទាំងពិភពលោកបានបាត់បង់ជីវិត ។
ស្ថិតិដដែលរបស់សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមេសា អ្នកជំងឺដែលជាសះស្បើយមានសរុប ៨៧៨ ៨១៣ នាក់ ។
សូមបញ្ជាក់ថា ៖ សហរដ្ឋអាមេរិកត្រូវបានកត់ត្រាថា មានអ្នកជំងឺកូវីដ១៩នេះ ច្រើនជាងគេបំផុត គឺ ៩៧២ ៩៦៩ នាក់ ។ បន្ទាប់មកគឺអេស្ប៉ាញ ឆ្លងសរុប ២២៩ ៤២២ នាក់ និងអ៊ីតាលី ឆ្លងសរុប ១៩៩៤១៤នាក់ ៕ដោយ៖ធី រីណា