ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា ៖ ពង្រឹងការអនវត្តន៏ច្បាប់ចរាចរណ៏ដើម្បីកាពារជីវិតប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ឆាប់ៗនេះគឺចាប់ពីថ្ងៃទី១ខែឧសភាតទៅ សមត្ថកិច្ចនគរបាលនឹងរឹតបន្តឹងការអនុវត្តន៏ច្បាប់ចរាចរណ៏ដែលបង្កើនចំនួនប្រាក់ផាកពិន័យច្រើនជាងមុន ដែលវិធានការនេះមានគោលដៅតែមួយគត់គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋអោយរួចផុតពីគ្រោះថ្នាក់ចរាចរណ៏។ ប្រសិនបើកន្លងមកប្រជាពលរដ្ឋចូលរួមចំណែកអនុវត្តន៏ច្បាប់ចរាចរណ៏នោះក៏គ្មានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៏នៅពេលខាងមុខនេះដែរ។
ការអនុវត្តន៏ច្បាប់នៃការរឹតបន្តឹងនឹងចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា សប្តាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទាំងប្រទេស ជាមួយការផាកពិន័យជាទឹកប្រាក់ខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។ ក្នុងន័យនេះគឺច្បាស់ណាស់ថា អ្នកបំពានច្បាប់អាចរអាចំពោះចំនួនទឺកច្រើននេះ ហើយតាំងចិត្តច្បាស់លាស់ថា នឹងបំពានច្បាប់ទៀតនោះទេ ។ ទោះជាអ្នកមានប្រាក់សម្រាប់បង់ការផាកពិន័យនេះក៏ដោយ ក៏វាបានបង្ហាញអំពីកំហុសឆ្គងដ៏ធំនិងគួរអោយខ្មាស់អៀននៅក្នុងសង្គម ។
ក្នុងសេចក្តីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានណែនាំកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។ យ៉ាងណាក៏ដោយគេរំពឹងថា ការអនុវត្តន៍ច្បាប់នេះមិនក្លាយជាសមរភូមិនៃការរិះគន់របស់មហាជនមកលើសមត្ថកិច្ចព្រោះតែកន្ទេលធំបន្លំដេកនោះទេ។ ការរិះគន់ក្នុងន័យភ័យខ្លាចថា សមត្ថកិច្ចមិនអាចអនុវត្តន៍ច្បាប់អោយខ្ជាប់ខ្ជួន ហើយបែរត្រូវជាមួយជនល្មើសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

ក្នុងសេចក្តីជូនដំណឹងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះនគរបាលជាតិ ពោលគឺរាជរដ្ឋាភិបាលមានចេតនាតែមួយគត់ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ខ។ សព្វថ្ងៃចំនួនជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានតួលេខខ្ពស់គួរអោយព្រួយបារម្ភខ្លាំងណាសើ។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកជំរុញនូវស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានកាន់តែខ្ពស់ និងដើម្បីចូលរួមចំណែកទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលចេះតែកើនឡើងខ្លាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែកម្រិតផាកពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក។ កម្រិតផាកពិន័យក្នុងអំពើល្មើសចរាចរណ៍ផ្លូវគោកនេះ មានការកើនឡើងទ្វេដង បើធៀបនឹងការផាកពិន័យចាស់។ អនុក្រឹត្យនេះរំពឹងថា អាចនឹងកែប្រែឥរិយាបថនៃការប្រើប្រាស់ផ្លូវខុសឆ្គងនាគ្រាកន្លងមកអោយងាកមកអនុវត្តន៍ដោយត្រឹមត្រូវឡើងវិញ។
កម្រិតផាកពិន័យមួយចំនួន ដែលបានកំណត់ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ បានកំណត់ថា៖
១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
២៖ ពិន័យទឹកប្រាក់ ៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។
៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។
៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។
៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

ដូច្នេះយើងរំពឹងថា ចាប់ពីថ្ងៃទី០១ខែឧសភាតទៅតួលេខនៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះជាមិនខាន ។ មានតែការចូលរួមចំណែកអនុវត្តន៍ចរាចរណ៍គ្រប់ៗគ្នាប៉ុណ្ណោះទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន ៕ដោយ៖ហេង សូរិយា

 


ចែករំលែក៖