ប្រទេសស្វីស ៖ មន្ត្រីអង្គការឧតុនិយមពិភពលោក ដែលហៅកាត់ថា WMO បានព្រមានថា ប្រសិនបើផែនដីក្តៅជាងមុនតាមល្បឿនបច្ចុប្បន្ន សីតុណ្ហភាពនឹងកើនឡើង ១,៥ អង្សាសេ ក្នុងពេល ១០ ឆ្នាំខាងមុខ ។ ហើយការកើនសីតុណ្ហភាពបែបនេះនឹងធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ជាងមុន ហើយផលប៉ះពាល់ដ៏គ្រោះថ្នាក់ភាគច្រើននៃការប្រែប្រួលអាកាសធាតុប្រហែលជាមិនអាចកែប្រែបានទេ ។
អង្គការឧតុនិយមពិភពលោក រាយការណ៍ថា ការបិទការដឹកជញ្ចូន ឧស្សាហកម្ម និងផលិតកម្មថាមពលនៅក្នុងប្រទេសជាច្រើនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បានបណ្ដាលឱ្យការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសថយចុះ ៦% ។
ក៏ប៉ុន្តែ លោក Petteri Taalas អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក និយាយថាដំណឹងល្អនេះមានរយៈពេលខ្លីតែប៉ុណ្ណោះ។ លោកថ្លែងថា ការចាប់ផ្តើមសកម្មភាពឧស្សាហកម្មឡើងវិញនឹងនាំឱ្យមានការបង្កើនការសាយភាយឧស្ម័នផ្ទះកញ្ចក់ថែមទៀត។ លោកនិយាយថា ការរាតត្បាតនៃជំងឺកូវីដ១៩ នេះ បាននាំឱ្យអង្គការលោកមានការពិបាកជាងមុននៅក្នុងការឃ្លាំមើលធាតុអាកាសនិងហានិភ័យផ្សេងទៀត។
លោក Petteri Taalas បញ្ជាក់ដូច្នេះថា៖ «វិបត្តិជំងឺកូវីដ១៩ នៅពេលបច្ចុប្បន្ននេះបាននាំឱ្យមានការថយចុះនៃការវាស់វែងខ្លះ។ ជាឧទាហរណ៍ ក្រុមហ៊ុនអាកាសចរណ៍បានធ្វើការវាស់វែងទាំងនេះ។ប៉ុន្តែ ដោយសារមានការហោះហើរតិចតួចបំផុតនៅពេលនេះ យើងទទួលបានការវាស់វែងតិចជាងមុនពីយន្តហោះ ដែលបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពនៃការព្យាករណ៍ធាតុអាកាស»។
លោក Taalas និយាយថា នៅពេលដែលពិភពលោកកំពុងប្រឈមនឹងការដោះស្រាយបញ្ហាធំៗពីរនៅពេលជាមួយគ្នា ទំហំនៃបញ្ហានានាដែលពាក់ព័ន្ធនឹងការប្រែប្រួលធាតុអាកាសគឺធំជាងបញ្ហាជំងឺកូវីដ១៩ ទៅទៀត។ លោកនិយាយថា បញ្ហាសុខភាព និងបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតជាសាកលនៃជំងឺនេះគឺមានលក្ខណៈធំធេង ក៏ប៉ុន្តែលោកកត់សម្គាល់ថា បញ្ហាទាំងនេះនឹងមានរយៈពេលតែពីរ ឬបីឆ្នាំប៉ុណ្ណោះ។
លោក Taalas បញ្ជាក់ដូច្នេះថា៖ « ប្រសិនបើយើងមិនអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបានទេ យើងនឹងឃើញមានបញ្ហាខាងសុខភាពកើតឡើងជាបន្តជានិច្ច ជាពិសេសបញ្ហាអត់ឃ្លាន និងសមត្ថភាពក្នុងការចិញ្ចឹមមនុស្សនៅក្នុងពិភពលោកដែលមានកាន់តែច្រើនឡើងៗ ហើយក៏នឹងមានផលប៉ះពាល់ធំជាងមុនលើសេដ្ឋកិច្ចផងដែរ»។
លោក Taalas ថ្លែងថា ពិភពលោកចាំបាច់ត្រូវបង្ហាញការប្តេជ្ញា និងសាមគ្គីភាពលើការប្រឆាំងនឹងការប្រែប្រួលធាតុអាកាសឲ្យដូចទៅនឹងការប្រឆាំងនឹងជំងឺកូវីដ១៩ ដែរ។ លោកបន្ថែមថា មនុស្សនៅគ្រប់កន្លែងត្រូវតែចាត់វិធានការរួមគ្នាដើម្បីជាប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ សម្រាប់ជំនាន់នេះ និងជំនាន់ខាងមុខ៕ដោយ៖ស តារា