ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ស្ត្រីជាប់ចោទម្នាក់ជូនកម្លាំងកងរាជអាវុធហត្តខេត្តកណ្តាល

ចែករំលែក៖

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៨ខែមេសានេះកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានប្រគល់ស្ត្រីម្នាក់ទៅកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីចាប់ខ្លួន

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៣៦ ដកបចក/២០ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។ 

ការឃាត់ខ្លួនស្រ្តីខាងលើនេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើឡើងដោយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

  ជនត្រូវចោទឈ្មោះ ណុប រតន៍ ហៅ ម៉ែអាឆាង ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានសាកសួរនិងកសាងសំណុំឯកសារប្រគល់ជនត្រូវចោទខាងលើ ឲ្យទៅជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធី។

  ស្ត្រីរូបនេះជាប់ចោទ ពីបទឆបោក ប្រព្រឹត្តនៅភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៥កន្លងមក៕ដោយ÷ ប៊ុនរិទ្ធី


ចែករំលែក៖