ខេត្តរនតគិរី៖ អ្នកភូមិបានរាយការណ៍មកថា៖ មានករណីលួចធ្វើអាជីវកម្មរ៉ែមាសជាលក្ខណះទ្រង់ទ្រាយធំ ប្រព្រឹត្តដោយក្រុមចិន សហការជាមួយនឹងក្រុមឈ្មួញខ្មែរ នៅតំបន់ព្រៃមាសភ្នំប៉ាង ស្ថិតក្នុងភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មកដល់ថ្ងៃនេះមានរយៈពេលជិត២សប្តាហ៍មកហើយ។ ពួកគាត់សង្ស័យថាគ្មានលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ទាំងការសាកល្បងស្រាវជ្រាវនិងច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ដោយហេតុផលថា បើមានច្បាប់មែន ប្រាកដជាអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ធ្វើការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានដឹង។ ម្យ៉ាងទៀតតំបន់នោះស្ថិតក្នុងដែនគ្រប់គ្រងដោយខាងបរិស្ថាន អាចនឹងមានសហគមន៍ប្រជាពលរដ្ឋការពារ បើអត់ច្បាប់ពួកប្រឆាំងដាច់ខាត ដើម្បីការពារនូវធនធានធម្មជាតិ ជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ។
ពួកគាត់ជាប្រជាពលរដ្ឋបានបន្តថា៖ នៅទីតាំងនោះ មានគ្រឿងចក្រ ម៉ាសុឺនខួង ម៉ាសុឺនភ្លើងតូចធំ បម្រើអោយមធ្យោបាយដំណើរការគ្រឿងចក្រ និងមានទីតាំងការស្នាក់នៅរោងតូច-ធំ តាមជម្រាលភ្នំ។ ដោយឡែកការខួងកាយដី ថ្ម យករ៉ែមាស មានជម្រៅជិត៣០ម៉ែត្រ ដែលធ្វើសកម្មភាព ទាំងយប់ ទាំងថ្ងៃ តាមក្រុមជំនាញចិនបញ្ជារុករក។
កម្មករនៅទីនោះមិនធ្វើអធិប្បាយអ្វីឡើយចំពោះអ្នកសារព័ត៌មានសួរនាំ ដោយពួកគេ និយាយយ៉ាងខ្លីថា៖ មិនដឹងរបស់អ្នកណាទេ ខ្ញុំធ្វើការអោយគេសុីតែប្រាក់ខែប៉ុណ្ណោះ ហើយក៏មិនដឹងមេខាងលើអ្នកណាដែរ…!
ពាក់ព័ន្ធករណីនេះលោក ម៉ា វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកអូរយ៉ាដាវ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះថា៖ ក្នុងករណីនេះខ្ញុំមិនអាចនិយាយបានទេ សូមលោកមេត្តាសួរទៅកាន់ខាងអង្គភាពមន្ទីររ៉ែ និងថាមពលខេត្ត និងខាងមន្ទីរបរិស្ថាន ខណៈតំបន់នោះស្ថិតក្នុងការគ្រប់គ្រងដោយបរិស្ថាន។ លោកអភិបាលបន្តថា៖ ខ្ញុំអរគុណបានសួរនាំដោយផ្ទាល់បែបនេះ។
លោក អ៊ុង ហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី បានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ រឿងនេះខ្ញុំទទួលដំណឹងដែរ និងមានអ្នកាសែតសួរនាំ ប៉ុន្តែខ្ញុំចុះទៅ សហការជាមួយព្រះរាជអាជ្ញា សម្របស្របសម្រួលនីតិវិធីទៅដល់ផ្ទាល់ គ្រាន់តែចាប់ពួកគេមិនបាន គឺមិនដឹងរត់អស់ពីថ្មើណា។ លោកបន្តថា៖ បច្ចុប្បន្នពួកនោះរត់អស់ហើយ បើមានខ្ញុំក៏បន្តចុះបង្រ្កាបដែរ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី មិនអាចសុំការបំភ្លឺបានទេ ដោយតាមទូរស័ព្ទលោកបញ្ជាក់ថា៖ «កំពុងជាប់រវល់ប្រជុំ.សូមទោសផង»…! ។ ប្រធានមន្ទីរបរិស្ថានខេត្តក៏មិនអាចទាក់ទងបាននៅរសៀលថ្ងៃខែដដែលនេះ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ លោកមិនទាន់មានព័ត៌មាននៅដៃក្នុងរឿងនេះ អាចសួរទៅអ្នកផ្សេងអាចគេដឹងមុន ចំពោះលោកមិនទាន់ទទួលបានដំណឹងនេះនៅឡើយទេ។
សូមបញ្ជាក់ថា៖ ទោះជាលោក អ៊ុង ហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី អៈអាងថា គ្មានអ្នកធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ ពួកគេរត់បាត់អស់ក៏ដោយ ក៏សកម្មភាពនៅទីនោះបន្តលួចដំណើរការដដែល លើកលែងតែមានដំណឹងអីមិនល្អរាយការណ៍ទៅ ទើបពួកគេនាំគ្នាផ្អាកសកម្មភាពមួយគ្រាៗប៉ុណ្ណោះ៕ ដោយ៖ សុខ ខេមរា