ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវល្បឿនលឿនបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ និងរបួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាល ឲ្យបុរសជាជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយបុរសជនជាតិខ្មែរជាអ្នកបើកបររថយន្ត បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាកALPHARD បើកលឿនបុករថយន្ត១គ្រឿងទៀតម៉ាកFOTON ពីក្រោយយ៉ាងពេញ ទំហឹង ធ្លាក់ចេញពីលើផ្លូវល្បឿនលឿនថែមទៀតផង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ៩២ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ភាគីខាងរថយន្តស៊េរីទំនើប១គ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-8296  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ បានរត់គេចខ្លួន ក្រោយពេលកើតហេតុ។ ចំណែកភាគីរថយន្ត១គ្រឿងទៀតម៉ាក FOTON ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM -7329 អ្នកបើកបរឈ្មោះ សយ សារីន ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះ៣២០ ផ្លូវបេតុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ LIANG YOU  ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន បានស្លាប់នៅកន្លែងកើតហេតុ ។

នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងបន្តថា មុនពេលកើត ហេតុ មានរថយន្តស៊េរីទំនើបម៉ាក ALPHARD ពណ៌ខ្មៅ បានបើកបរតាមបណ្តោយផ្លូវល្បឿនលឿន ពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្ត១គ្រឿងម៉ាក FOTON ពណ៌ស ដែលកំពុងបើកបរស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក FOTON ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យបុរសជាជនជាតិចិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជនជាតិខ្មែរជាអ្នកបើកបររថយន្ត បានរងរបួសធ្ងន់ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តម៉ាកALPHARD បានរត់គេចខ្លួនបាត់។

នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងបន្តទៀតថា ក្រោយកើតហេតុ នគរបាលជំនាញ ចុះវាស់វែងនៅកន្លែងកើត ហេតុ ដឹកអ្នករងរបួសធ្ងន់ទៅព្យាបាល។ រីឯសពបុរសជាជនជាតិចិន ត្រូវបានយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំប្រគល់ជូនសាច់ញាតិ ។

នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា រថយន្តទាំង២គ្រឿងខាងលើដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅស្នាក់ការកំពង់សីលា K114 បណ្ដោះអាសន្ន។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អ្នកបើកបររថយន្ត ALPHARD បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕

ដោយ៖សូរិយា


ចែករំលែក៖