ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ។
ពិធីនេះធ្វើឡើង នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្នុងឱកាសនោះលោក ហ៊ឹម យ៉ាន និងលោក ស ថេត បានផ្តល់ជាមតិណែនាំល្អជាច្រើនដល់អង្គប្រជុំ ជាពិសេសណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ត្រូវមានវិន័យ និងសីលធម៌ល្អ ដើម្បីយកទៅអនុវត្តការងារជាក់ស្តែងឲ្យបានល្អតាមអង្គភាពរៀងៗខ្លួន ។
សូមបញ្ជាក់ថា៖ ក្រោយពីបញ្ចប់ពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចែកម៉ាស ស្រោមដៃ និងទឹកអាល់កុលជូនដល់ការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ ដើម្បីយកទៅចែកជូនដល់មន្ត្រីដែលត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនត្រឹមបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ប៉ុណ្ណោះទេ លោកថែមទាំងផ្តល់លេខទូរស័ព្ទអធិការនគរបាលទាំង១៤ខណ្ឌ និងប៉ុស្តិរដ្ឋបាលទាំង១០៥ ដើម្បីងាយដល់ប្រជាពលរដ្ឋបានស្គាល់ រាយការណ៍ផ្តល់ដំណឹងនូវរាល់បទល្មើសកើតមានក្នុងមូលដ្ឋាន៕សិលា