ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសំរាមក្រុមហ៊ុនបរិស្ថានភូមិយើងស្អាត បើកកិនកម្មករខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្មករប្រមូលសំរាមក្រុមហ៊ុនបរិស្ថានភូមិយើងស្អាតម្នាក់ ត្រូវរថយន្តដឹកសំរាមកិនស្លាប់គួរឲ្យអាសូរ ខណៈប្រមូលសំរាមដាក់លើរថយន្តរួច ឡើងតោងរថយន្ត ពេលរថយន្តកំពុងបើកស្រាប់តែរបូតដៃធ្លាក់ត្រូវរថយន្តកិនតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរាចណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង០២នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឭបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ កែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែករថយន្តដឹកសំរាមរបស់ក្រុមហ៊ុនបរិស្ថានភូមិយើងស្អាត ម៉ាកHYUNDAI ពណ៍បៃតង គ្មានគ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុំ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
ប្រភពដដែលបន្តថា៖ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានជិះរថយន្តដឹកសំរាម ដើរប្រមូលសំរាមដាក់លើរថយន្ត លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះដើរប្រមូលសំរាមដាក់លើរថយន្ត រួចរត់តោងរថយន្ត ក៏រអិលដៃធ្លាក់មកក្រោម ត្រូវបានរថយន្តកិនចំកង់ក្រោយផ្នែកខាងស្តាំ ចំក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង និងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។ ចំពោះសាកសព ត្រូវបានកម្លាំងជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ស្អាង ជ័យ


ចែករំលែក៖