ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ លោក ស ថេត ចេញបណ្ណជាង១ពាន់ ក្នុងថ្ងែទី១ ឧសភា នេះ

ចែករំលែក៖

ភ្នំពេញ៖ បើតាម Facebook ផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បី ចេញប្រតិបត្តិការ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាធធានីភ្នំពេញ ។
ក្នុងនោះបញ្ជាក់ថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បីចេញប្រតិបត្តិការអនុវត្តរឹតបន្តឹង ស្តីពីច្បាប់ ចរាចរណ៍ ផ្លូវគោក ដែលគ្រោងនឹងចាប់ ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញ រហូតដល់ទៅ៤៧គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ ដើម្បីសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ ។
គ្រាដែលនៅក្នុងរាជធានីភ្នំពេញ ត្រូវគេមើលឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងជាបន្តបន្ទាប់ បណ្តាលឱ្យបាត់បង់ជីវិត មនុស្សជារៀងរាល់ថ្ងៃ។ ក្នុងកិច្ចការ ងារដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក៏បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់នគរបាលចរាចររាជធានីភ្នំពេញ ដែលជាអ្នកអនុវត្តច្បាប់ ដើម្បីចុះអនុវត្ត ភារកិច្ចឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ មានតម្លាភាព ប្រសិទ្ធភាព និងគ្មានការយោគយល់ ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងលោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងមុខនេះ ត្រូវ បំពេញភារកិច្ចឱ្យបានច្បាស់លាស់ឈរលើស្មារតីទទួលខុសត្រូវខ្ពស់។ ជាពិសេសត្រូវមានសីលធម៌ អាកបក្បកិរិយាសមរម្យ និងមិនធ្វើអ្វីខុសច្បាប់និងវិន័យនគរបាល ជាតិនោះឡើយ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានមានប្រសាសន៍លើកឡើងថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយអ្នកស្លាប់ អ្នករងរបួស គឺមានតែវិធានការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតែមួយប៉ុណ្ណោះ។ អនុក្រឹត្យលេខ៣៩ ស្តីការផាកពិន័យអន្តការណ៍ចំពោះ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកធ្ងន់ធ្ងរ គឺសំដៅឱ្យអ្នកប្រើប្រាស់ផ្លូវទូទៅ មានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។ ពីព្រោះថា អត្រាគ្រោះ ថ្នាក់ចរាចរណ៍ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋមានក្តីកង្វល់ជាខ្លាំង ដោយសារតែអត្រាគ្រោះថ្នាក់បានកើតឡើងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសមានការកើនឡើង។
ពាក់ព័ន្ធនិងការចុះអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញនៅពេលខាងមុខនេះផងដែរ ស្នងការរងទទួលផែនការងារចរាចរណ៍ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីឆន្ទៈ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ដោយសារតែបញ្ហាអត្រាគ្រោះថ្នាក់ចរាចរណ៍ មានសភាព ធ្ងន់ធ្ងរណាស់ គ្រាន់តែនៅក្នុងខែមេសានេះរយៈពេល២៧ថ្ងៃប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សស្លាប់១៩នាក់ ។
លោកឧត្តមសេនីយ៍ស្នងការរងបានឱ្យដឹងទៀតថា ការកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍បានជោគជ័យ គឺប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ គ្នា។
សូមបញ្ជាក់ថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ រងនិងផាកពិន័យទឹកប្រាក់ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ ការ ផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយបញ្ជូនយានយន្តល្មើសទៅកន្លែងធ្វើការរបស់សមត្ថកិច្ច នៅជិតបំផុត និងរក្សាទុក០៣ថ្ងៃ ទើបឱ្យម្ចាស់ចូលខ្លួនទៅបង់ប្រាក់ ពិន័យតាមផ្លូវច្បាប់ ៕

ដោយ៖នគរបាលជាតិ


ចែករំលែក៖