ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រុសចរិកស្រីម្នាក់ បានទះកំផ្លៀងយុវតីម្នាក់ ដែលកំពុងអង្គុយលេងជាមួយមិត្តភក្តិនៅលើសួនច្បារមុខវត្តបុទុមតី ចំនួន៣កំផ្លៀង ធ្វើឲ្យនាងទ្រាំមិនបានក៏វាយតបទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់នគរបាលខណ្ឌដូនពេញ ចុះទៅជួយធ្វើអន្តរាគមន៍ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទីរំលងអាធាត្រឈានចូល ថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ តាមបណ្តោយផ្លូវសុធារស ត្រង់ចំណុចលើសួនច្បារមុខវត្តបុទុមតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ តែចរិកស្រី(ខ្ទើយ) និងម្ខាងទៀតជានារីវ័យក្មេង បានទាស់សំដីគ្នាទៅវិញទៅមក រហូតឈានដល់ប្រើអំពើហឹង្សាវាយតបគ្នា ដោយមានសភាពការមិនស្រួលមិត្តភក្តិដែលមកជាមួយទាំងសងខាងនាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅជួយធ្វើអន្តរាគមន៍ ដោយមិនឲ្យមានការឈ្លោះគ្នាបន្តទៀត ។
តាមសម្តីនារីរងគ្រោះមិនបានបញ្ជាក់ពីឈ្មោះ វ័យប្រហែល២០ឆ្នាំ បានឲ្យដឹងថា មូលហេតុមកពីខាងក្រុមបុរសខ្ទើយ មករករឿងលើរូបខ្លួន នឹងមិត្តភកិ្តហើយជនបង្ក ដែលមានសក់ពណ៍លឿង និងពាក់អាវពណ៍ទឹកមាសនោះ បានមកទះកំផ្លៀងនាងចំនួន៣ដៃ ទើបខ្លួនទ្រាំមិនបានក៏វាយតបទៅវិញ បង្កការភ្ញាក់ផ្អើលតែម្តង ។
ក្រោយកើតហេតុ ដោយសារតែភាគីទាំងសងខាងភ័យមិនចង់មានរឿងវែងឆ្ងាយ ក៏សុំសមត្ថកិច្ចដែលចុះទៅអន្តរាគមន៍នោះទៅផ្ទះរៀងៗខ្លួន គ្មានអ្នកប្តឹងផ្តល់គ្នានោះឡើយ ៕ដោយ៖ ធឿន ព្រែកជ័យ