ភ្នំពេញ៖ ការសិក្សា គឺជាមូលដ្ឋានគ្រឹះ ជួយឲ្យសង្គមជាតិ រីកចំរើន មានការយល់ដឹងបានខ្ពស់។ទាំងនោះហើយបានជាថៃសម្រេចចំណាយប្រាក់បន្ថែមដល់ទៅ៥០ ពាន់លានបាត (ប្រមាណ១៥ពាន់លានដុល្លារអាមេរិក)លើវិស័យអបរំ បង្កើនគុណ ភាពសិក្សាថ្នាក់បឋមនិងមធ្យមចន្លោះពីឆ្នាំ២០២០ដល់២០២២។
ការបង្កើនគុណភាពសិក្សារបស់រដ្ឋ ដោយសារតែមានគម្លាតរវាងសាលារដ្ឋ និងសាលាឯកជននៅក្នុងប្រទេសនេះ។ មូលនិធិទាំងនោះនឹងបង្កើនគុណភាពសិក្សាឲ្យបានល្អបំផុត។ រដ្ឋមន្រ្ដីក្រសួងអប់រំថៃ លោក Nataphol Teepsuwan បានឲ្យដឹងថា ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងត្រូវប្រើប្រាស់ សម្រាប់បណ្ដុះបណ្ដាលជំនាញភាសាបរទេស ដល់សិស្ស នៅក្នុងសាលារដ្ឋ ដែលជាធម្មតាមិត្ដភក្ដិរបស់ពួកគេសិក្សានៅសាលាឯកជនល្បីៗ។
លោករដ្ឋមន្រ្ដីបានបន្ដថា ដើម្បីបង្កើនជំនាញភាសាបរទេសដល់សិស្សទាំងនោះ ក្រសួងអប់រំកំពុងរៀបចំគម្រោងជួលសាស្រ្ដាចារ្យជាច្រើននាក់ ដែលមានដើមកំណើតជាអង់គ្លេស និងអ្នកមានដើមកំណើតនិយាយភាសាចិនកុកងឺជាដើម។
លោក Nataphol Teepsuwan បានអំពាវនាវដល់ស្ថានទូតបរទេសនានាឲ្យជួយលោក ស្វែងរកអ្នកនិយាយភាសាដើម ដែលអាចបង្រៀនភាសាបរទេសដល់សិស្ស និងនិស្សិតថៃ។ នេះក៏ជាផ្នែកមួយ នៃកម្មវិធីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ។បច្ចុប្បន្នមានសាស្ត្រា ចារ្យបរទេសចំនួន៧ពាន់នាក់ នៅក្នុងប្រទេសថៃ។ ប៉ុន្ដែចំនួននេះមិនអាចគ្រប់គ្រាន់ សម្រាប់ការបង្រៀនដល់សិស្ស និងនិស្សិតថៃនោះឡើយ។ ដូច្នេះថៃនឹងត្រូវការសាស្រ្ដាចារ្យ១ម៉ឺននាក់បន្ថែមទៀត៕
ដោយ៖ធី រីណា