ប្រទេសកូរ៉េខាងជើង៖ កូរ៉េខាងជើងបានត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ច ទៅកាន់ ប្រទេសចិនដើម្បីពិភាក្សាពីការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយពេលកូវីដ-១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង។ សកម្មភាពខាងលើកើតឡើង ក្នុងពេលមានពាក្យចចាមអារ៉ាមស្តីពិសុខភាព របស់មេដឹកនាំ គីម ជុងអ៊ុន។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គណៈប្រតិភូសេដ្ឋកិច្ច កូរ៉េខាងជើង នឹងទៅដល់ទីក្រុងប៉េកាំងនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។ ក្រៅពីនេះក៏បានពិភាក្សាពីការបើកទ្វារសេដ្ឋកិច្ចឡើងវិញក្រោយរយៈពេលផ្អាកជាច្រើនខែ ដោយសារកូវីដ-១៩។កូរ៉េខាងជើងជាប្រទេសដែលបានបិទព្រំដែនមុនគេបង្អស់ចាប់តាំងពីផ្ទុះកូវីដ-១៩ នៅទីក្រុងវូហាន។ នៅពេលនេះសកម្មភាពនៅតាមដងផ្លូវក្នុងទីក្រុង ព្យុងយ៉ាង នៅតែមាន សភាពធម្មតាដដែល មិនមានអ្វីប្រែប្រួលនោះឡើយ ។ ពលរដ្ឋកូរ៉េខាងជើង ត្រូវគេមើលឃើញថា មានពាក់ម៉ាស់ជិត ពេលធ្វើដំណើរនៅលើដងផ្លូវ ទៅតាមវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ-១៩ (COVID-19)របស់រដ្ឋាភិបាល ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNAនៅថ្ងៃទី២៩ខែមេសា បានផ្សាយនូវឃ្លីបវីដេអូ ដែលមានចំណងជើងថា “ពិត ឬមិនពិត” នៅលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីអះអាងបញ្ជាក់ថា មិនមានអ្វីប្រែប្រួលឡើយ ដោយការរស់នៅរបស់ពលរដ្ឋមានសភាពដូចធម្មតា ។ សារព័ត៌មាន Arirang របស់កូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០បានផ្សាយថា វាហាក់ដូចជាកូរ៉េខាងជើង កំពុងបញ្ចេញសំឡេង ដោយប្រើការឃោសនា ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម ជុំវិញបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន យ៉ាងដូច្នោះឯង៕ ដោយ៖ ធី រីណា