វ៉ាស៊ីនតោន៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ តាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើសចំនួនកងទ័ពអាមេរិកដែលបានពលីជីវិត កាលពីសម័យសង្រ្គាមវៀតណាមទៅទៀត ។ ប៉ុន្តែមន្ត្រីសុខាភិបាលសាធារណៈរបស់អាមេរិក ព្រមានថា ចំនួនអ្នកឆ្លងពិតប្រាកដ អាចមានច្រើនជាងនេះ ព្រោះការធ្វើតេស្តនៅមានកម្រិត ដោយសារខ្វះអ្នកជំនាញ និងឧបករណ៍។
យោងតាមមជ្ឈមណ្ឌលឯកសារជាតិអាមេរិក បញ្ជាក់ថា កងទ័ពអាមេរិកសរុប ៥៨,២២០នាក់ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមវៀតណាមដែលបានចាប់ផ្ដើមពីឆ្នាំ១៩៥៥ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥ ។ ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជំងឺរាតត្បាតសកល COVID-19 បានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាងចំនួនកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសង្រ្គាមវៀតណាមទៅទៀតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះផ្ទុះឡើង នៅក្នុងសហរដ្ឋអាមេរិក ដំបូងកាលពីខែមករាមក ។
បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៥៩,២៦៦នាក់ ក្នុងចំណោមករណីឆ្លងលើស ១លានករណីខណៈចំនួនអ្នកជាសះស្បើយឡើងវិញមានសរុប ១៤១,២៣៨នាក់។ នេះបើតាមគេហទំព័រ worldometers ។
តាមគម្រោងព្យាករណ៍របសសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចនឹងកើនឡើងដល់លើស ៧៤,០០០នាក់នៅខែសីហា ឆ្នាំ២០២០ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ ប្រសិនបើរដ្ឋនានារបស់សហរដ្ឋអាមេរិក បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឆាប់រហ័សពេក ។
សូមជម្រាបថា រដ្ឋញូវយ៉ក ដែលជាកន្លែងផ្ទុះជំងឺ COVID-19 ខ្លាំងក្លាមួយនៅអាមេរិក មានករណីឆ្លង ៣០ភាគរយ នៃករណី COVID-19 ទាំងអស់នៅអាមេរិក។ ខណៈរដ្ឋមួយចំនួនទៀត ក៏មានចំនួនច្រើនដែរ ដូចជារដ្ឋញូវជឺស៊ី រដ្ឋម៉ាសាឈូសេត រដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋផេនស៊ីលវ៉ានីជាដើម ៕ ដោយ៖ស តារា