ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ក្រោមការដឹនាំរបស់សម្ដេចឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃនាឱកាសនោះ មានការអញ្ជើញចូលរួមពីលោក រដ្ឋលេខាធិការប្រចាំការ ,លោករដ្ឋលេខាធិការ អនុរដ្ឋលេខា លោកអគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាច្រើនរូបទៀត។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កិច្ចប្រជុំឆ្លងផែនការសកម្មភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលនេះ គឺបានប្រព្រឹត្តទៅបន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួងក៏ទើបតែបានឆ្លងផែនការសកម្មភាពអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាធម្មតាគឺមានការកែសម្រួល និងបន្ថែមធាតុចូលខ្លះៗបន្ថែមទៀត។

ពាក់ព័ន្ធនឹងការកសាងផែនការ និងការដាក់ចេញទិសដៅត្រូវអនុវត្ត សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ពន្លឿនកិច្ចការទាំងនេះឱ្យបានឆាប់ ទោះមានកិច្ចខ្លះជារឿងថ្មី និងត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។ សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធបន្តពង្រឹងយន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនោះក៏ត្រូវបែងចែកកងកម្លាំងបំពេញភារកិច្ចឱ្យបានច្បាស់លាស់ដែរ។

សម្ដេចបានបន្តថា សម្រាប់នគរបាលដែលបញ្ចប់ការសិក្សា និងតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបែងចែកឱ្យបំពេញការងារនៅអង្គភាពដែលមានតម្រូវការធនធានពិតប្រាកដ និងចាំបាច់ ពោលគឺមិនអាចបណ្ដែតបណ្ដោយឱ្យទៅប្រមូលផ្ដុំនៅអង្គភាពណាមួយដែលមិនសូវមានតម្រូវការនោះទេ។ ដោយឡែកក្នុងកិច្ចប្រជុំ សម្ដេចនិងអង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការផ្ដល់ការលើកទឹកដល់គ្រូនគរបាលដែលមានស្នាដៃល្អ និងអំពីត្រូវការគ្រូបន្ថែមនាពេលខាងមុខដែរ។

សម្ដេចក៏បានណែនាំថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបន្តបង្កើនការបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមុខជំនាញចាំបាច់ និងទាន់សភាពការណ៍វិវត្តន៍ជាក់ស្ដែងមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនគរបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រីកចំណេះដឹង ពង្រឹងជំនាញ និងសម្រាប់ការអប់រំ ផ្សព្វផ្សាយ ណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ដោយវគ្គបណ្ដុះបណ្ដាលនោះអាចធ្វើឡើង២ទៅ៣ថ្ងៃក៏បាន។

ក្រោមអធិបតីសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី អង្គប្រជុំក៏បានពិភាក្សាគ្នាដែរអំពីតម្រូវការធនធានកងកម្លាំងនគរបាលប្រចាំឆ្នាំ ដើម្បីបំពេញចំនួនមន្ត្រីនគរបាលដែលចូលនិវត្តន៍ ឬមានបញ្ហាសុខភាព ឬត្រូវបានបណ្ដេញចេញ និងក៏ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការពារព្រំដែន៕ដោយ៖ សុខ ខេមរា


ចែករំលែក៖