ព័ត៌មានទាន់ហេតុការណ៍៖

រកសុីបោកគេគឺមានវាសនាមិនល្អទេ ទីបំផុត ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលត្រូវបានដឹងថាមានជំនាញខាងរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ ហើយចុងក្រោយបានបោកប្រាស់អ្នកវិនិយោគជនជាតិចិនបានរងនូវបណ្ដឹងរហូតដល់តំណាងអយ្យការចេញដីកាកោះហៅឲ្យចូលខ្លួនលើកទី១ តែជនសង្ស័យនៅតែមិនព្រមចូលរហូតដល់តំណាងអយ្យការ(ព្រះរាជអាជ្ញារង)មួយរូបចេញដីកាបញ្ជាឲ្យចូលខ្លួនជាលើកទី២ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង។ការឃាត់ខ្លួនជនសង្ស័យត្រូវបានម្ចាស់បណ្ដឹងក៏ដូចជាអ្នករងគ្រោះដោយអំពើឆបោករបស់ជនរូបនេះសម្ដែងនូវការសាទរនិងដឹងគុណចំពោះតំណាងអយ្យការយ៉ាងខ្លាំង។
សមត្ថកិច្ចបានឃាត់ខ្លួនជននេះកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះកែវ មុនីរតន៍ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N00222949 ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពបានបង្ហើបថា មុនឈានដល់ចេញដីកាឃាត់ខ្លួន
តំណាងអយ្យការបានចេញដីកាកោះហៅឈ្មោះ កែវ មុនីរតន៍ ឲ្យចូលខ្លួនទៅបំភ្លឺលើកទី១កាលពីថ្ងៃទី២២មេសា២០២០ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ឈ្មោះ ហ្វូក មិនឈី (FU MINQI) ប្តឹងពីបទឆបោកមានស្ថានទម្ងន់ទោស តែឈ្មោះ កែវ មុនីរតន៍ មិនបានចូលបំភ្លឺតាមការកំណត់ក្នុងដីកាកោះ របស់តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនោះទេ។
ប្រភពបន្តថា ដោយសារតែមិនព្រមចូលខ្លួនតាមការកោះហៅជនសង្ស័យត្រូវបានលោកព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ វ៉ិត មឃៈ ចេញដីកាបញ្ជាឲ្យជនសង្ស័យបង្ហាញខ្លួននៅចំពោះមុខ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «ឆបោកមានស្ថានទម្ងន់ទោស»។ ដីកានេះអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួន។យោងតាមដីកាបង្គាប់ឲ្យចូលខ្លួន ដែលអ្នកយកព័ត៌មានយើងទទួលបាន ឲ្យដឹងថា ការចេញដីកានេះ បានធ្វើឡើង បន្ទាប់ពីការកោះហៅលើកទី១ជនសង្ស័យមិនបានចូលមកបំភ្លឺ លោកព្រះរាជអាជ្ញារងក៏បានចេញដីកាកោះជាលើកទី២នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ជាថ្មីម្តងទៀត។ក្រោយពីតំណាងអយ្យការចេញដីកាកម្លាំងនគរបាលបានឈានទៅដល់ការឃាត់ខ្លួន លោក កែវ មុនីរតន៍ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។ យោងតាមប្រភពដែលទទួលបាន ក្រៅពីការបោកប្រាស់លើវិនិយោគិនចិន លោក កែវ មុនីរតន៍ ក៏បានបោកប្រាស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នូល ខេត្តកណ្តាលផងដែរ ។មហាជនរង់ចាំមើលថាក្រោយពីឃាត់ខ្លួនជននេះតើមានដំណោះស្រាយយ៉ាងណាចំពោះម្ចាស់បណ្តឹង៕សេនា ស័ក្ដិ


ចែករំលែក៖